​នគរបាល​​ខេត្ត​​កំពត​នឹង​​​ផាក​​ពិន័យ​​​​អ្នក​​​ចត​​យាន​យន្ត​​នៅ​​កន្លែង​​ហាម​ឃាត់​​​ពី​​ខែ​​កញ្ញា​​នេះ​​​

TBP 06 09 2017

​ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោកនៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពត បានអោយដឹងថា នគរបាល​ចរា​ចរ​ណ៍​​នឹង​ធ្វើ​ការផាកពិន័យ ចំពោះ​អ្នក​ដែល​ចត​យានយន្ត​មិន​គោរព​ច្បាប់​នៅ​កន្លែង​ហាមឃាត់ ចាប់​ពី​ខែ​កញ្ញា​នេះ​ទៅ​​។​

​លោក​វរៈសេនីយ៍ទោ ពុធ ស៊ឺង ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​កំពត បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​សន្ទនា​មតិ​កាលពី​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៧​ថា ការចត​រថយន្ត​មិន​គោរព​ច្បាប់​ចរាចរណ៍​​ធ្វើអោយប៉ះពាល់​ដល់​សណ្កាប់ធ្នាប់​សាធារណៈ និង​​អ្នកធ្វើដំណើរ​។

 

កន្លង​មក​ស្នងកា​របា​ន​ធ្វើ​ការសហការ​ជាមួយ​សាលាក្រុង ក្នុង​ការផ្សព្វផ្សាយ​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ការចត​យានយន្ត​អោយ​មាន​របៀបរៀបរយ តែ​ការផ្សព្វផ្សាយ​ហាក់​មិនសូវ​មាន​ប្រសិទ្ឋ​ភាព ព្រោះ​ថា​រយៈពេល​កន្លងមក​នគរបាល​ច​រាចរណ៍​ផ្លូវគោក គ្រាន់តែ​ធ្វើ​ការអប់រំ ណែនាំ ដល់​ម្ចាស់​អាជីវកម្ម និង​អ្នក​ចត​រថយន្ត​តែប៉ុណ្ណោះ ដែល​ជា​ហេតុ​ធ្វើអោយ​ពួកគាត់​មិន​អនុវត្ត​តាម​។

 

តែ​ចាប់​ពី​ដើម​ខែ​កញ្ញា​ត​ទៅ​ស្នងការ​នឹង​ធ្វើ​ការផាកពិន័យ ចំពោះ​អ្នក​ចត​យានជំនិះ​រំលោភច្បាប់ និង​ស្លាក​គំនូស​សញ្ញា​ចរាចរណ៍​នឹង​ត្រូវ​រង​ការផាកពិន័យ​ពី​៥ ម៉ឺន​រៀល​ដល់​ ១០ម៉ឺន​រៀល។​ ​ក្នុងករណី​ខកខាន​មិន​បាន​​បង់​តាម​កាលកំណត់​របស់​មន្ត្រី​នគរបាល​ចរាច​រណ៍ ការផាកពិន័យ​នឹងត្រូវ​កើនឡើង​ទ្វេរ​ដង ហើយ​បើ​នៅ​តែ​មិន​ស្តាប់​ទៀត​នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ជា​ស្វ័យប្រវត្តិ​​។​


​លោក ចែម ផា អភិបាលរង​ក្រុង​កំពត មានប្រសាសន៍​អោយដឹងថា ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ទី      សាធារណៈ​បាន​ល្អ លុះ​តែមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម និង​ម្ចាស់​យានយន្ត​។​


​លោក​បាន​សំណូម​ពរ​ថា​ សូម​ម្ចាស់​អាជីវកម្ម នឹង​ម្ចាស់​យានយន្ត​ទាំងអស់ មេត្តា​អនុវត្តតាម​សេចក្តីណែនាំ របស់​អាជ្ញាធរ​មាន​ស​ម​ត្ថ​កិច្ច​អោយបាន​គ្រប់គ្នា ​ទើបទី​​ក្រុង​​ស្អាត ហើយ​ជៀសវាង​នូវ​ការផាកពិន័យ​៕


​អត្ថ​បទៈ អ្នកនាង ពេ​ជ បុ​ទុម និង​កញ្ញា ចន្ទ្រា​

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise