វាគ្មិនឆ្លើយតបយ៉ាងណាខ្លះ ចំពោះសំនួរប្រិយមិត្តកាលពី​សប្តាហ៍​កន្លង​ទៅ?

WTBP 12 08 2017 Se

​កាលពី​ថ្ងៃ​ចន្ទ ទី​០៧​ខែ​សីហា កន្លងទៅនេះ កម្មវិធី​ "សន្ទនា​មតិ" ​បាន​ពិភាក្សា​លើ​ប្រធានបទ​៖ «លើកកម្ពស់​គុណភាព​សិក្សា​នៅក្នុង​ឃុំ​ស្នាយ​អញ្ជិ​ត ស្រុក​ជុំ​គី​រី​»  ដោយ​មាន​ចូលរួម​ជា​វាគ្មិន​ពី​សំណាក់ លោក ណុប សា​រុំ មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ជុំ​គី​រី និង​លោក នែល សុខ ប្រធាន​កម្រង​សាលាបឋមសិក្សា​អង្គមន្ត្រី​សុខា​រាម​។​
​ប្រិយមិត្ត​មកពី​ស្រុក​ជុំ​គី​រី បាន​លើកឡើង​ថា សិស្ស​មួយចំនួន​មិនសូវ​មាន​ចំណេះដឹង​ប៉ុន្មាន​ទេ ប៉ុន្តែ​ឡើង​ថ្នាក់​ជា​រៀងរាល់ថ្ងៃ​។​
​ឆ្លើយតប​នឹង​បញ្ហា​នេះ​ប្រធាន​កម្រង​សាលាបឋមសិក្សា​អង្គមន្ត្រី​សុខា​រាម បាន​មានប្រសាសន៍ថា បញ្ហា​នេះ​លោកគ្រូ​អ្នកគ្រូ​បាន​យកចិត្តទុកដាក់​តាំងពី​ដើម​ឆ្នាំ​មក​ម្លេះ ដោយ​រក​វិធី​ណា​ដែល​អាច​ជួយ​ដល់​សិស្ស​ខ្សោយ​ទាំងនោះ​។​
​ឆ្លើយតប​នឹង​បទ​យកការណ៍​ខាងលើនេះ​លោក ណុប សា​រុំ មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ជុំ​គី​រី​បាន​មានប្រសាសន៍ថា ការ​ព្រួយ​បានរ​ម្ភ​របស់​ប្រជាពលរដ្ឋ​ក៏​ជា​ការ​ព្រួយបារម្ភ​របស់​ការិយាល័យ​អប់រំ​ស្រុក​ផង​ដែរ​។​លោក​ថា នៅពេល​ដែល​អាណាព្យាបាល​ចូលរួម​បន្ថែមទៀត ជាមួយនឹង​លោកគ្រូ​លោកគ្រូ នោះ​គុណភាព​អប់រំ​កាន់តែ​ល្អប្រសើរ​។​

​នេះជាកម្មវិធី "​សន្ទនា​មតិ​" ក្រោម​ប្រធានបទ «​លើកកម្ពស់​គុណភាព​សិក្សា​នៅក្នុង​ឃុំ​ស្នាយ​អញ្ជិ​ត ស្រុក​ជុំ​គី​រី​»  កាលពី​ថ្ងៃ​ចន្ទ ទី​០៧ ខែ​សីហា កន្លងទៅនេះ ។​

ប្រិយមិត្ត​ជាទី​មេ​ត្រិយនេះ​ជា​មតិ​លើកឡើង​របស់​ពលរដ្ឋ​រស់នៅ​ជុំវិញ​នឹង​ប្រធានបទ «​ការដោះស្រាយ​កន្លែង​លក់ដូរ​ជូន​អាជីវករ​ក្នុង​ផ្សារ​តានី​» កាលពី​ថ្ងៃ​អង្គារ ទី​០៨ ខែ​សីហា កន្លងទៅនេះ។​
​ក្នុង​កិច្ចពិភាក្សា​នេះ​លោក វ​ន្នី ប្រិយមិត្ត​មកពី​ស្រុក​បន្ទាយមាស បាន​សួរថា តើ​លោក​ប្រធាន​ផ្សារ​នឹង​មាន​វិធានការ​យ៉ាងណា ដើម្បី​អោយ​ប្រជាពលរដ្ឋ​មួយចំនួន​យល់ដឹង​ពី​ការ​ទាក់​ដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​? លោក​បាន​សួរ​ទៀតថា អាជ្ញាធរ​ស្រុក​នឹង​មាន​គម្រោង​អភិវឌ្ឍន៍​ផ្សារ​តានី​យ៉ាងដូចម្តេច​?
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ម៉ូ​វ សារ៉ាត់ ប្រធាន​ផ្សារ​តា​នី បានអោយដឹងថា លោក​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​។​
​ប្រិយមិត្ត​ជាទី​មេត្រី​នេះ​ជា​ការពិភាក្សា​ក្នុង​កម្មវិធី​ "សន្ទនា​មតិ​" ក្រោម​ប្រធានបទ​«​ការដោះស្រាយ​កន្លែង​លក់ដូរ​ជូន​អាជីវករ​ក្នុង​ផ្សារ​តានី​» កាលពី​ថ្ងៃ​អង្គារ ទី​០៨ ខែ​សីហា កន្លងទៅនេះ។​

 

​កម្មវិធី "​សន្ទនា​មតិ​" ផ្សាយ​ផ្ទាល់​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​លើ​ប្រធានបទ​៖ «​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ និង​និតិ​វិធី​នៃ​ការផ្លាស់ប្តូរ​ និង​ជ្រើសរើស​មេភូមិ​» ដោយ​មាន​ការ​ចំូល​រួម​ជា​វាគ្មិន​ពី​សំណាក់​លោក ហ៊ុយ វង្ស​តារា​រស្មី ទីប្រឹក្សា​កម្មវិធី​ជាតិ​ខេត្ត​កំពត និង​លោក វ៉ែន សិរីសោភណ្ឌ ប្រធានការិយាល័យ​គាំទ្រ​មូលដ្ឋាន​។​
​ប្រិយមិត្ត​មួយរូប​រស់នៅ​ស្រុក​អង្គរជ័យ បាន​លើកឡើង​ថា កន្លង​ម​មក​ការជ្រើសរើស​មេភូមិ​គឺ​ធ្វើឡើង​តាមរយៈ​បក្សពួក​របស់​គាត់ ប៉ុន្តែ​សព្វថ្ងៃនេះ​មេឃុំ​ជា​អ្នក​ជ្រើសរើស​។​
​ឆ្លើយតប​សំនួរ​ខាងលើនេះ លោក វ៉ែន សិរីសោភណ្ឌ ប្រធានការិយាល័យ​គាំទ្រ​មូលដ្ឋាន បាន​មានប្រសាសន៍ថា ការជ្រើសរើស​មេភូមិ​ត្រូវ​ធ្វើឡើង​ទៅ​តាម​ដំណាក់កាល ជាពិសេ​សបេ​ក្ខ​មេភូមិ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​មួយចំនួន​ដូចជា ត្រូវ​មាន​សញ្ជាតិ​ខ្មែរ មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត មាន​អាយុ​យ៉ាងតិច​២៥​ឆ្នាំ ចេះ​អាន​និង​សរសរ និង​មាន​ទីលំនៅ​អចិន្ត្រៃ​។​
​នេះជាកម្មវិធី "​សន្ទនា​មតិ​" ក្រោម​ប្រធានបទ «​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់ និង​និតិ​វិធី​នៃ​ការផ្លាស់ប្តូរ​ និង​ជ្រើសរើស​មេភូមិ​» កាលពី​ថ្ងៃ​ពុធ ទី​០៩​ខែ​សីហា កន្លងទៅនេះ ។​

 

​ប្រិយមិត្ត​មកពី​ស្រុក​ទឹកឈូ បាន​លើកឡើង​ថា នៅក្នុង​មូលដ្ឋាន​របស់​លោក​មិន​មាន​សាលា​មត្តេយ្យ​នោះទេ តើ​បញ្ហា​នេះ​មក​ពី​មូល​អ្វី​?
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហែម ច​ន្ធី មន្ត្រី​ការិយាល័យ​អប់រំ​កុមារ​តូច​នៃ​មន្ទីរ​អប់រំ​ខេត្ត​កំពត បាន​ប្រសាសន៍ថា ការបង្កើត​សាលា​មត្តេយ្យមាន​បញ្ហា​ប្រឈម​ច្រើន​ជា​ពិសេស ទីកន្លែង និង​ថវិកា​។​
​រីឯ​លោក វិចិត្រ ប្រិយមិត្ត​មកពី​ស្រុក​ទឹកឈូ បាន​លើកឡើង​ថា ក្មេង​មួយចំនួន​ហាក់បីដូច​ជា​ខ្លាច​សាលា ជាក់ស្តែង​កូន​របស់​លោក​ផ្ទាល់​។ លោក​សួរ​ថា តើ​គួរ​ធ្វើ​ដូចម្តេច ដើម្បី​អោយ​ការ​បង្រៀប​កាន់តែ​ល្អ និង​ធ្វើអោយ​សិស្ស​ចូលចិត្ត​រៀន​។​
​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ហែម ច​ន្ធី មន្ត្រី​ការិយាល័យ​អប់រំ​កុមារ​តូច​នៃ​មន្ទីរ​អប់រំ​ខេត្ត​កំពត បាន​ប្រសាសន៍ថា ការបង្រៀន​ក្មេងៗ​នៅ​មត្តេយ្យ​សិក្សា​ពិតជា​មាន​បញ្ហា​លំបាក​ច្រើនណាស់​។​ដូច្នេះ​ដើម្បី​អោយ​កុមារ​មាន​ការចាប់អារម្មណ៍ លោកគ្រូ​អ្នកគ្រូ​ត្រូវមាន​សិល្ប​ក្នុង​ការបង្រៀន និង​ឧបករណ៍​គ្រប់គ្រាន់​។​
​នេះ​ជា​កម្មវិធី "​សន្ទនា​មតិ​" ក្រោម​ប្រធានបទ «​ការលើក​កំពស់​គុណភាព​អប់រំ​ថ្នាក់​មត្តេយ្យនៅ​តាម​សហគម​ន៍​» កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែ​សីហា កន្លងទៅនេះ ។​

​ប្រិយមិត្ត​មួយរូប រស់នៅ​ស្រុក​កំពង់ត្រាច បាន​សំណូមពរ​អោយមាន​ពេទ្យឆ្មប អោយបាន​កាន់តែ​ច្រើន ដើម្បី​ផ្តល់​សេវា​ដល់​ស្ត្រី​ឆ្លងទន្លេ​កាន់តែ​ប្រសើរ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ មន្ត្រី​ការិយាល័​ស្រុក​ប្រតិបត្តិ​ស្រុក​កំពង់ត្រាច បាន​មានប្រសាសន៍ថា ការិយាល័​ស្រុក​ប្រតិបត្តិ​កំពង់ត្រាច កំពុងតែ​ធ្វើ​ការស្នើរ​សុំ​ពេទ្យឆ្មប​អោយបាន​គ្រប់​ចំនួន​នៅតាម​មណ្ឌល​សុខភាព​ផងដែរ​។​
​ចំណែកឯ​អ្នកស្រី​ នី ប្រិយមិត្ត​មកពី​ស្រុក​កំពង់ត្រាច លើកឡើងថា សព្វថ្ងៃ​នេះ​ការផ្តល់​សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​។​អ្នកស្រី​សួរថា តើ​នៅ​ស្រុក​កំពង់ត្រាច​មាន​ផ្តល់​សេវា​សុខភាព​មិន​គិតថ្លៃមាន​អ្វីខ្លះ​?


​លោក យី​វ វុទ្ធី មន្ត្រី​ការិយាល័​ស្រុក​ប្រតិបត្តិ​ស្រុក​កំពង់ត្រាច បាន​មានប្រសាសន៍ថា ការផ្តល់​សេវា​សុខភាព​នៅ​ស្រុក​កំពង់ត្រាច​គឺ​មាន​ច្រើន សម្រាប់​ប្រជាពលរដ្ឋ​។​
​ប្រិយមិត្ត​មួយរូប​ទៀត​គឺ​អ្នកស្រី ​ភាព រស់នៅ​ស្រុក​ទឹកឈូ សួរថា តើ​នៅ​តាម​មណ្ឌល​សុខភាព​អាច​ផ្តល់​រថយន្ត​សង្គ្រោះ​បន្ថែម​ទៀត​បាន​ឬទេ​? ហើយ​ដើម្បី​ពង្រឹង​ការផ្តល់សេវា​សុខភាព​អោយ​កាន់តែ​ល្អប្រសើរ តើ​ត្រូវធ្វើ​ដូចម្តេច​?


​ឆ្លើយតប​នឹង​សំនួរ​នេះ លោក យី​វ វុទ្ធី មន្ត្រី​ការិយាល័​ស្រុក​ប្រតិបត្តិ​ស្រុក​កំពង់ត្រាច បាន​មានប្រសាសន៍ថា បញ្ហា​នេះ​រាជរដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់ ហើយ​សព្វថ្ងៃ​នេះ​នៅ​តាម​ស្រុក​ប្រតិបត្តិ​នី​មួយៗ​មាន​រថយន្ត​គ្រោះ​យ៉ាងតិច​២ ដែល​អាច​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា​។​ចំពោះ​ការពង្រឹង​ការផ្តល់​សេវា​សុខភាព​អោយ​កាន់តែ​ល្អ​នោះ បុគ្គលិក​សុខាភិបាល​ត្រូវមាន​វិន័យ​ត្រឹមត្រូវ មាន​ក្រមសីលធម៌​ល្អ មាន​សមត្ថភាព​ជា​ដើម​។​
​នេះ​ជា​កម្មវិធី "​សន្ទនា​មតិ​" ក្រោម​ប្រធានបទ «​ការលើក​កំពស់​គុណភាព​អប់រំ​ថ្នាក់​មត្តេយ្យនៅ​តាម​សហគម​ន៍​» កាលពី​ថ្ងៃ​សុក្រ ទី​១១ ខែ​សីហា កន្លងទៅនេះ​៕​

អត្ថបទៈ លោក តារា

ស្តាប់វិទ្យុតាមអ៊ីនធើណេត

ទាញយកកម្មវិធីស្តាប់តាមទូរស័ព្ទ

ios         adriod

ទទួល​បាន​ព័ត៌​មាន​ថ្មីៗ​ពី​គេហ​ទំព័រ

ចំនួនអ្នកចូលរួមទស្សនា

ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​

No Advertise

Adver Phone Lose Chil

Adver Micro Finance

Krob Pich Advertise

Advertise