ទំព័រដើម

ស្ត្រីនិងកុមារអាចរងផលប៉ះពាល់ បើពលរដ្ឋ​មិន​យល់​ច្បាស់​ពីភាព​ជា​បុរស​

EVAW 30 11 2016

​ប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក​អង្គរជ័យ ខេត្ត​កំពត បានអោយដឹងថា ក្នុង​ករណី​ប្រជាពលរដ្ឋ​គ្រប់​រូប ជា​ពិសេស​បុរស​ ​មិន​យល់ច្បាស់នូវ​ពាក្យ​ថា ភាព​ជា​បុរស​នោះទេ អាច​​បង្ក​ផលប៉ះពាល់​ជា​ច្រើន​ដល់ស្ត្រី និងគ្រួសារ ជាពិសេសផ្តល់នូវគំរូ​មិនល្អដល់ក្មេងជំនាន់ក្រោយ។​


​លោកស្រី កង លោត  ប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​ប្រាប់​វិទ្យុជាតិ​៩​មករា​ខេត្តកំពត ក្នុង​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៧​ថា មាន​ផលប៉ះពាល់​ច្រើន បើ​ប្រជាពលរដ្ឋ​គ្រប់រូប មិន​យល់​ច្បាស់នូវ​ពាក្យ​ថា ភាព​ជា​បុរស​ ដែល​អាច​ប៉ះពាល់​ដល់​គ្រួសារ កើត​មាន​ហិង្សា​លើ​ស្ត្រី ធ្វើអោយ​ស្ត្រី​បាត់បង់​ឱកាស​ក្នុង​ការចូលរួម​ការ​ងារ​សង្គម និងបង្ហាញ​គំរូ​អាក្រក់​ដល់​កូនៗ​​ជាដើម​។

 

​លោកស្រី​ប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក​អង្គរជ័យ បាន​មានប្រសាសន៍​បញ្ជាក់​បន្ថែម​ទៀតថា ភាព​ជា​បុរស សំដៅ​ទៅលើ​ភាពទន់ភ្លន់​រប​ស់​បុរស ដែល​មាន​ចំពោះ​ស្ត្រី ចេះ​ផ្តល់​តម្លៃ​អោយ​ស្ត្រី ចេះ​ចែក​រំ​លែក​ការ​ងារ​ផ្ទះ និង​មិន​បង្ករ​​អំពើហិង្សា​​ក្នុង​គ្រួសារ​ជាដើម​។​


​លោក គង់ ជា​ប្រិយមិត្ត​ដែល​ចូលរួម​កម្មវិធី​វិទ្យុ បាន​លើក​ជា​ចម្ងល់​​​ថា​ តើ​ការផ្តល់​តម្លៃ​ដល់​ស្ត្រី ជា​ការលំបាក​រប​ស់​បុ​រស​មែនឬ​? ​ដើម្បើ​ចូលរួម​កែប្រែ​ការយល់ខុស​រប​ស់​ប្រជាពលរដ្ឋ តើ​លោកស្រី​បាន​ធ្វើ​អ្វីខ្លះ​?


​លោកស្រី កង លោត  ប្រធាន​ការិយាល័យ​កិច្ចការ​នារី​ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​មានប្រសាសន៍​ថា ចំពោះ​​​ការ​អោយ​តម្លៃ​ដល់​ស្ត្រី វា​មិនមែន​ជា​ការលំបាក​របស់​បុរស​នោះទេ សំខាន់​បុរស​ខ្លួនឯង​ត្រូវ​យល់​ច្បាស់​​​​ចំពោះ​ស្ត្រី​។ លោក​ស្រី​បន្ត​ថា​ ​សម្រាប់​ការិយាល័យ​កិច្ចការ​នារី​ស្រុក កន្លង​មក​បាន​ផ្សព្វផ្សាយ​អោយ​ប្រជា​ពល​​រដ្ឋ​​បាន​​យល់​​ច្បាស់​ពី​ភាព​ជា​បុរស មិន​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ផ្នត់គំនិត​ពីមុនដែលថា បុរស​ត្រូវ​តែ​ខ្លាំង ឬ​បុរស​​ជា​​អ្នក​​កាន់​​ការងារ​ធំៗ​នោះ​ទេ ហើយផ្សព្វផ្សាយ​ពី​ច្បាប់​ទប់ស្កាត់​អំ​ពើ​ហិង្សា តាមរយៈ​​អាជ្ញាធរ​ភូមិ​ឃុំ និង​កិច្ចការនារី​ឃុំ​ជាដើម​៕


​សង្ខេប​៖ អ្នកនាង ហ៊ិ​ន ម៉ឺន