ទំព័រដើម

​តើ​នី​តិ​​វិធី​​នៃ​​ការ​ជ្រើស​រើស​និង​​ផ្លាស់​ប្តូរ​​មេ​ភូមិ​​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្តេច​?​

TBP 06 02 2017

​នៅ​ក្នុងការងារ​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ក្រៅពី​មាន​មេឃុំ​ ឬចៅ​សង្កាត់ ជា​អ្នក​នៅជាប់​ជាមួយ​នឹង​ប្រជាពល​រដ្ឋ​​ហើយ​នោះ ក៏​នៅ​មាន​មេភូមិ ឬ​ប្រធាន​ភូមិ​ជា​អ្នក​នៅ​ប្រចាំការក្នុងភូមិ​នីមួយៗ​បន្ថែម​ទៀត​​។ មេ​ភូមិ​គឺ​ជា​អ្នកដែល​ចាំ​ផ្តល់ព័ត៌មាន​ និងក៏​ជា​អ្នក​ប្រមូលព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ទៅ​កាន់​ថ្នាក់លើ​ផង​ដែរ​។​


​លោក ​កែវ ច​ន្ធូ មេឃុំ​បន្ទាយមាស​ខាងកើត បាន​ប្រាប់​អោយដឹងថា នៅ​មូលដ្ឋានរបស់​លោក​កន្លងមក​នេះ គឺ​ធ្លាប់​មាន​ការផ្លាស់ប្តូរ​មេភូមិ ​និង​ជ្រើសរើសមេភូមិ​ដោយហេតុថា​មេភូមិ​មុន​ទទួលមរណភាព​។ លោក​បន្តថា ការជ្រើសរើស​មេភូមិ​នេះ គឺ​មាន​ការប្រជុំ​ក្រុមប្រឹក្សា​ឃុំ​ដោយ​បោះឆ្នោត​គាំទ្រអ្នក​ដែល​សកម្ម​ទៅនឹង​ការងារ ហើយ​ក្នុងនោះ ក៏​មាន​ការយល់ព្រម​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ​។​


​ចំពោះ​នី​តិ​វិធី​ក្នុង​ការជ្រើសរើស​មេភូមិ​នេះ លោក ​ប៉ោ វី អភិបាលរង​ស្រុកបន្ទាយមាស ​បានប្រាប់អោយដឹង​ថា កន្លង​មក​ចំ​ពោះ​នីតិ​វិធី​ក្នុង​ការជ្រើសរើស​មេភូមិ ឬប្រធាន​ភូមិ​នេះ គឺ​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ឃុំ​ជា​អ្នកសម្រេច ហើយ​ស្រុក​បាន​ត្រឹមតែ​ទទួល​របាយការណ៍​ទេ​ ព្រោះនេះជា​នី​តិ​វិធី​របស់​ថ្នាក់លើ ដែល​ដាក់​មកកាន់​​ឃុំ​​អនុវត្តន៍​​បន្ត​​។​


​ជាការ​បញ្ជាក់​បន្ថែម​លើ​នី​តិ​វិធី​នៃ​ការជ្រើសរើស​ និង​ផ្លាស់ប្តូរ​មេភូមិ​​នេះ​លោក វ៉ែន សិរីសោភ័ណ្ឌ ​ប្រធានការិ​យា​ល័យ​​គាំ​ទ្រ​​មូល​ដ្ឋាន​​ នៃ​ទីចាត់កា​រ​ផែនការ និង​វិនិយោគ​ខេត្ត​បានលើកឡើង​នៅក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​​​វិទ្យុជាតិ ៩​មករា ខេត្ត​កំពត​ថា មេ​ភូមិ​មានតួនាទីជា​តំណាងអោយ​ប្រជាពលរដ្ឋនៅ​មូលដ្ឋាន​នោះ​ផ្ទាល់ តែ​មិន​មាន​សិទ្ធិ​សម្រេច​ ឬ​ចុះ​ហត្ថលេខា​នៅលើ​លិខិតអត្រានុកូលដ្ឋាន​ឡើយ គាត់​អាច​ធ្វើទៅបាន​ក្នុងនាម​​​ជា​​សាក្សី​តែប៉ុណ្ណោះ​។ នី​តិ​វិធី​ក្នុង​ការជ្រើសរើស​មេភូមិ​ធ្វើទៅបាន ដោយ​មាន​ការប្រជុំ​សម្រេច​ពី​ក្រុម​ប្រឹក្សា​​ឃុំ​សង្កាត់ ជា​អ្នក​ចាត់តាំង​ដោយផ្ទាល់។

 

ការជ្រើសរើស​មេភូមិ គឺ​ត្រូវ​គោរព​ទៅតាមបទដ្ឋាន​គតិយុត្តិ ស្រប​ទៅ​តាម​នី​តិវិ​ធី​​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ដាក់ចេញ​។ បុគ្គល​ដែលអាច​ឈរឈ្មោះ​ជា​មេភូមិ ត្រូវ​មាន​សញ្ជាតិ​ខ្មែរ អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ ចេះ​អាន ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ មាន​ទីលំនៅនិ​ង​​រស់​នៅ​ជាប់​អចិន្ត្រៃ​ក្នុង​មូលដ្ឋាន​រយៈពេល​៦​ខែ​ជាប់ៗ​គ្នា  មានឆន្ទៈ​​ចំពោះ​​ការ​ងារ​ មាន​ការគាំទ្រ​ពី​​ប្រជា​ពលរដ្ឋ​​។​


​លោក ​ឈឹម ឈៀក ប្រជាពលរដ្ឋ​នៅ​ស្រុក​ដងទង់ មាន​ចំងល់​ថា ​ក្នុង​ករណីដែលមានបេក្ខជន​តំណាង​មក​ពី​​គណបក្ស​នយោបាយ​ផ្សេងគ្នា តើ​បុគ្គល​នោះ ​ឬ​មេភូមិ​ដែល​តំណាងប្រជាពលរដ្ឋ អាច​អនុវត្ត​ទៅតាម​គោល​ការណ៍​រួមគ្នា​បាន​ដែរ​ទេ​?​ធ្វើ​ដូចម្តេច​ដើម្បី​អោយ​ប្រាកដ​ថា​គាត់​អនុវត្តន៍​លើ​ការងារ​រួម​នេះ​បាន​?


​បញ្ហា​នេះ​លោក ​ហ៊ុយ វង្ស​រស្មី​ដា​រា ទីប្រឹក្សា​កម្មវិធី​ជាតិ​ប្រចាំ​ខេត្ត​កំពត​ បាន​ឆ្លើយតប​ក្នុង​កម្មវិធី​ថា ទោះបី​សមាជិក​សមាជិការ​មក​ពី​គណបក្ស​ណា​ក៏​ដោយ​មិន​សំខាន់​ទេ ប៉ុន្តែ​ពេល​នេះ គាត់​បាន​ចូល​បំរើ​ការងារ​ជា​មន្ត្រីរាជការ ពួកគាត់​មិនមែន​ជា​តំណាង​គណបក្ស​ណាមួយ​​ទៀតឡើយ​ ហើយ​គាត់​មាន​ភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​មិន​ប្រកាន់​ជាតិសាសន៍ ឋានៈ​តួនាទី​ និន្នាការ​នយោបាយ​ឡើយ។

 

លោក​បន្ត​ថា​ មេ​ភូមិ​​ត្រូវ​បំរើ​ការងារ​ក្នុងនាម​​រាជរដ្ឋាភិបាលដើម្បីជួយ​ប្រជាពលរដ្ឋ​​ ក្នុង​ករណី​បុគ្គល​នោះ មិន​អនុវត្ត​ទៅ​តាម​សេចក្តីណែនាំ​ប្រា​សចាក​ទៅនឹង​បទដ្ឋាន​គតិយុត្តិ គាត់​អាច​ទទួល​​ការពិន័យ និង​ការណែនាំ​ពី​សមាជិក​សមា​​ជិការ​ក្រុមប្រឹក្សា​ឃុំ ហើយ​រដ្ឋបាល​ឃុំ​គាត់​ធ្វើ​ខុស ក៏​ត្រូវ​ទទួលខុសត្រូវ​ពី​រដ្ឋបាល​ខេត្ត និង​អភិ​បាល​​នៃ​​គណៈ​អភិ​បាល​​ខេត្ត​ផងដែរ​។

 

លោក ​ហ៊ុយ វង្ស​រស្មី​ដា​រា បន្ត​ទៀត​ថា បើសិនជា​ក្នុង​ករណី​ដែលរកឃើញ​ថា​មិន​កែកំហុស​ នៅពេលដែល​រដ្ឋ​បាល​​​ខេត្ត​​បាន​​ណែ​នាំ​​ហើយ​​នោះ​ ក្រសួង​មហាផ្ទៃ​​នឹង​ចុះផ្ទាល់​ក្នុង​ការដកហូត​តួនាទី និង​មាន​ការជ្រើសរើស​ថ្មី​ឡើង​វិញ​។ ​មេភូមិអាច​ផ្លាស់ប្តូរ ជ្រើសរើស​ថ្មី​បាន​ក្នុងករណី​មរណភាព ប្រព្រឹត្ត​បទល្មើស មាន​ជម្ងឺ​មិនអាច បម្រើ​ការងារ​បាន ពិការភាព និង​អនុវត្ត​ខុស​ទៅនឹង​គោលការណ៍​ណែនាំរបស់​ថ្នាក់លើ​ជាដើម៕


​អត្ថ​បទៈ កញ្ញា សាន វិធី​