ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ និងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិម្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ក្រោមមាគាដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាព សម្តេចបានដាក់ចេញនូវគោលនយោបាយដីធ្លីដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសទទួលបានការកាន់កាប់ដីធ្លីដែលមានក្រោយពេលសង្គ្រាមដោយស្របច្បាប់ និងក្នុងន័យដើម្បីកាត់បន្ថយវិវាទដីធ្លីរ៉ាំរ៉ៃ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា មកដល់បច្ចុប្បន្ននេះ ក្នុងអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំគតិបណ្ឌិត និងស្រលាញ់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែដាក់ចេញនូវយន្តការថ្មីៗពាក់ព័ន្ធនឹងវិស័យដីធ្លី ពិសេសការជុំរុញដោយផ្ទាល់មកកាន់រដ្ឋបាលរាជធានី-ខេត្ត ពិសេសមន្ទីរជំនាញ ឱ្យធ្វើយ៉ាងណាពន្លឿនការចេញបណ្ណកម្មសិទ្ធដីធ្លីជូនពលរដ្ឋ ស្របទៅតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ គោលនយោបាយដីធ្លី នៅតែជាគោលនយោបាយចំបងបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលនេះគឺបានបង្ហាញពីការគិតគូរខ្ពស់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំប្រទេសក្នុងការផ្តល់នូវភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី។យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត បានឱ្យដឹងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋក្នុងភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ មានក្បាលដីសរុបចំនួន ២.២៩០ក្បាលដី ស្មើនឹង ១.០៣០គ្រួសារ។ ចំពោះការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យដែលមាន៣ភូមិ រួមមាន៖ ភូមិអន្លង់ម៉ាក់ប្រាង្គ ភូមិផ្លិចគល់ និងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ មានក្បាលដីប៉ាន់ស្មាន ៦.៤៧២ក្បាលដី ស្មើនឹង ១.៣៦២គ្រួសារ។ ក្នុងនោះភូមិអន្លង់ម៉ាក់ប្រាង្គ មានក្បាលដីប៉ាន់ស្មានចំនួន ២.៧០៨ក្បាលដី ស្មើនឹង ៤២៧គ្រួសារ, ភូមិម្លិចគល់ មានក្បាលដីប៉ាន់ស្មានចំនួន ៧៤៦ក្បាលដី ស្មើនឹង ១៨៥គ្រួសារ និងភូមិកំពង់ចិន មានក្បាលដីប៉ាន់ស្មានចំនួន ៣.០១៨ក្បាលដី ស្មើនឹង ៧៥០គ្រួសារ៕
0 Comments