កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតដែលបានសាងសង់រួចរាល់ ដោយចំណាយថវិកាប្រមាណជិត១៩លានដុល្លារនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រីនាដើមសប្តាហ៍ក្រោយ។ នៅពេលដំណើរការពេញលេញ កំពង់ផែទេសចរណ៍អន្តរជាតិនឹងស្រូបទាញភ្ញៀវចម្រុះជាតិសាស្ត្រតាមផ្លូវទឹក ឆ្ពោះមកខេត្តកំពតឱ្យមានកំណើនកាន់តែខ្ពស់ ខណៈដែលការប៉ាន់ប្រមាណ កំពង់ផែនេះអាចមានអ្នកឆ្លងកាត់បាន ១លាននាក់ក្នុង១ឆ្នាំ។
តាមការឱ្យពីរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បន្ទាប់ពីបានលើកពេលដែលគ្រោងប្រារព្ធឡើងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នោះ។សូមបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានសាងសង់លើផ្ទៃដីជាង ៤ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ។ ដំណើរការសាងសង់បានចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ហើយសម្រេចរួចរាល់នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងគ្រប់គ្រងការសាងសង់ ពីសំណាក់អង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមការប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១៨លានដុល្លារ ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ និងថវិការាជរដ្ឋាភិបាលកម្ពុជាចំនួន ៧៧ម៉ឺនដុល្លារ។
ក្រោយបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់សម្រាប់តភ្ជាប់ប្រព័ន្ធគមនាគមន៍ជាតិ និងជាមេដែកដ៏រឹងមាំក្នុងការស្រូបទាញទេសចរជាតិ អន្តរជាតិ ឆ្ពោះមកកាន់ខេត្តកំពត។ កំពង់ផែនេះនឹងតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីខេត្តព្រះសីហនុ ខេត្តកែប កោះត្រល់(ប្រទេសវៀតណាម) និងប្រទេសថៃ ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតបានងាយស្រួល។ នេះជាផ្នែកមួយជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក។
កំពង់ផែទេសចរណ៍អត្តរជាតិ ដែលជាផលិតផលទេសចរណ៍ថ្មីនឹងង្កើនសក្តានុពលសម្រាប់បម្រើវិស័យឧស្សាហកម្មគ្មានផ្សែង ខណៈដែលកាលពីឆ្នាំ២០២៤ ខេត្តកំពតមានភ្ញៀវជាតិ អន្តរជាតិចូលមកកម្សាន្តប្រមាណជិត ២លាន ៧សែននាក់ ដោយទេសចរចម្រុះជាតិសាសន៍មានជាង ១០ម៉ឺននាក់។ ដោយឡែក រយៈពេល ៣ថ្ងៃក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិថ្មីៗកន្លងទៅនេះ ខេត្តកំពតទទួលភ្ញៀវបានជាង ១លាន ៣សែននាក់។ ក្នុងនោះទេសចរបរទេសមានជាង៤.៥០០នាក់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments