នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត និងលោកជំទាវ អ៊ុន សុគន្ធា អនុប្រធានកិត្តិយសសាខាសមាគម និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀនមួយខ្នងមាន ៦បន្ទប់ និងទីចាត់ការមួយខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្ថិតនៅក្នុងភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
លោក សាន់ យ៉ា មេឃុំតេជោអភិវឌ្ឍន៍ បានប្រាប់ឱ្យដឹងថា ទីតាំងភូមិសាស្ត្រនៃភូមិតេជោពង្រក គឺមានចម្ងាយឆ្ងាយពីតំបន់ប្រជុំជន ហើយវិស័យអប់រំនៅតំបន់នេះ គឺពុំមានសាលារៀនសម្រាប់កូនអ្នកភូមិសិក្សារៀនសូត្រនោះទេ ដែលកន្លងមកពលរដ្ឋក្នុងភូមិតែងតែបញ្ជូនកូនទៅរៀននៅតំបន់ប្រជុំជនឃុំតេជោអភិវឌ្ឍន៍ ដោយធ្វើការផ្ញើបងប្អូន ឬសាច់ញាត្តិ។ ក្រោយទទួលបានអំណោយជាអគារសិក្សាមួយខ្នងមាន ៦បន្ទប់ និងអគារទីចាត់ការមួយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកសង្ឃឹមថា កូនពលរដ្ឋនៅតំបន់នេះនឹងទទួលបាននូវការសិក្សាបានច្រើន ហើយមិនមានអ្នកត្រូវបញ្ជូនទៅឆ្ងាយនោះទេ។ លោកមេឃុំក៏បានថ្លែងអំណរគុណដល់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានគិតគូជានិច្ចពីសុខទុក្ខរបស់ពលរដ្ឋនៅតាមទីជនបទដាច់ស្រយាល។លោកគ្រូ ប៉េន ប៊ុនណារិទ្ធ នាយកសាលាបឋមសិក្សាតេជោពង្រក បានប្រាប់ឱ្យដឹងដែរថា សាលាបានចាប់ផ្តើមកសាងនៅក្នុងឆ្នាំ២០២០ ដោយការរៀបចំឡើងដោយព្រះចៅអធិការវត្តព្រះនាម អ៊ុន សុភ័ក្ត្រ និងសប្បុរសជនមួយចំនួន។ ពេលនោះសាលាមានចំនួន ៤បន្ទប់ ដោយធ្វើពីស័ង្កសី និងបាំងជញ្ជាំងលួស ហើយការបង្រៀន ក៏ដូចជាការសិក្សារបស់សិស្សជួបការលំបាកពេលដែលមានភ្លៀង មានខ្យល់ និងថ្ងៃក្តៅ។ លោកគ្រូក៏បានធ្វើការថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ដែលបានយកចិត្តទុកដាក់ចុះជួយដល់សិស្សានុសិស្សនៅភូមិតេជោពង្រកនេះ។
ជាមួយគ្នានេះដែរ គ្រូបង្រៀន និងសិស្សានុសិស្ស បានសំដែងការសប្បាយរីករាយយ៉ាងខ្លាំងក្រោយពីទទួលបានអគារសិក្សាសម្រាប់បំរើដល់វិស័យអប់រំនៅតំបន់ជនបទមួយនេះពីប្រមុខថ្នាក់ដឹកនាំ ដែលការសាងសង់នឹងចាប់ផ្តើមពីពេលនេះតទៅ ព្រោះការសិក្សារៀនសូត្ររបស់ក្មេងៗជំនាន់ក្រោយនិងមិនមានការលំបាកទៀតឡើយ។
សូមបញ្ជាក់ថា ភូមិតេជោពង្រក គឺជាភូមិមួយដែលដាច់ស្រយាល ហើយមានចម្ងាយឆ្ងាយពីទីប្រជុំជន ហើយដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្ស និងតាមការស្នើសុំរបស់អាជ្ញាធរស្រុក ឃុំ និងនាយកសាលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូននូវអគារសិក្សាមួយខ្នងមាន ៦បន្ទប់ និងអគារទីចាត់ការមួយខ្នង តាមរយៈលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត។ តាមរយៈការផ្តល់អគារសម្រាប់បំរើលើវិស័យអប់រំនៅតាមទីជនបទដាច់ស្រយាលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីសំណាក់ប្រមុខដឹកនាំប្រទេសសម្រាប់បណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគ្រប់ទីកន្លែង៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments