Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សង្ក្រាន្តជនបទបានផ្តោតសំខាន់លើការអភិរក្សវប្បធម៌ជាតិដើម្បីបញ្ចៀសការភាន់ច្រឡំក្នុងស្រទាប់យុវវ័យ

រដូវចូលឆ្នាំប្រពៃណីជាតិសម្រាប់ឆ្នាំនេះមានភាពអធិកអធម ដោយគ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជន បានរៀបចំសង្ក្រាន្តយ៉ាងគគ្រឹកគគ្រេង ធ្វើឱ្យបរិយាកាសសប្បាយរីករាយកើតឡើងពេញផ្ទៃប្រទេស។ សង្ក្រាន្តនៅគ្រប់ទីកន្លែង ដោយឡែកនាតំបន់ជនបទ ពិសេសបណ្តាមូលដ្ឋានជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាងបានលើកយកនូវអ្វីដែលជាកេរដំណែលវប្បធម៌ដ៏ល្អផូរផង់របស់ជាតិមកបង្ហាញ ក្នុងបំណងបណ្តុះស្មារតីដល់អ្នកជំនាន់ក្រោយបន្តចូលរួមអភិរក្សឱ្យបានស្ថិតស្ថេរគង់វង្ស និងបញ្ចៀសការភាន់ច្រឡំ។

លោក នូរ ច័ន្ទដា អភិបាលស្រុកបន្ទាយមាសបានមានប្រសាសន៍ថា ដោយទទួលការណែនាំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត សម្រាប់សង្ក្រាន្តឆ្នាំនេះ រដ្ឋបាលស្រុកបាននាំយកនូវល្បែង របាំប្រជាប្រិយ សិល្បៈ កីឡា មុខម្ហូបអាហារ គ្រឿងបរិក្ខារផ្សេងៗដែលជាសម្បត្តិវប្បធម៌ខ្មែរមកបង្ហាញជូនភ្ញៀវ ក៏ដូចជាបានភ្លក់ ឬប៉ះកាន់ដោយផ្ទាល់។ ការព្យាយាមគាស់កកាយនូវកេរដំណែលដូនតាជាយូរលង់មករំលេចឡើងនេះ គឺក្នុងបំណងបណ្តុះស្មារតីដល់អ្នកជំនាន់ក្រោយបន្តចូលរួមអភិរក្សឲ្យបានស្ថិតស្ថេរគង់វង្ស។ លោកអភិបាលស្រុកបានបន្តថា បន្ទាយមាសជាស្រុកមួយជាប់ព្រំដែនប្រទេសជិតខាង ហើយប្រឈមនឹងការឆ្លងចូលនូវវប្បធម៌បរទេសដែលភាគច្រើនបង្កើតភាពភ្លើតភ្លើនសម្រាប់យុវវ័យ។ ម្ល៉ោះហើយ ការបង្ហាញជូននូវកេរដំណែលដូនតាដ៏ល្អផូរផង់ក្នុងសង្ក្រាន្តឆ្នាំនេះនឹងធ្វើឲ្យអ្នកជំនាន់ក្រោយយល់ដឹងពីគុណតម្លៃ និងអត្ថប្រយោជន៍ពិតនៃសម្បត្តិវប្បធម៌ជាតិ។

ជាមួយគ្នានេះដែរ លោក សៅ មឿន អភិបាលស្រុកឈូកបានមានប្រសាសន៍ថា សង្ក្រាន្តស្រុកឈូក បានបង្កភាពសប្បាយរីករាយដល់អ្នកចូលរួមគ្រប់រូបតាមរយៈការលេងល្បែងប្រជាប្រិយ ការសម្តែងសិល្បៈរបាំបុរាណរបស់ក្មួយៗជាសិស្សសាលា ក៏ដូចជាពិធីបង្ហាត់បង្ហាញអំពីការធ្វើម្ហូប នំចំណី ហើយផ្តល់ជូននូវការបរិភោគគ្រប់គ្រាន់ក្រោមការចំណាយរបស់រដ្ឋបាលស្រុក។ តាមរយៈការបង្ហាញជូនរាល់រូបភាពអំពីកេរដំណែលដូនតាខ្មែរនោះ បានធ្ចើឱ្យអ្នកចូលរួមអបអរសាទរ ពិសេសក្មួយៗជាសិស្សសាលាដោយពួកគេបានគាំទ្រ និងពេញចិត្តក្នុងការចូលរួមថែរក្សាឱ្យបានស្ថិតនៅយូរអង្វែង។

យុវតី នី លីនីត សិស្សមកពីសាលា ប៊ុនរ៉ានី ហ៊ុនសែន កោះស្លា៣១៧ ជាអ្នករាំរបាំបាចផ្កាបានរៀបរាប់ថា ក្រុមសំដែងរបាំប្រពៃណីខ្មែរពិតជាមានចិត្តរំភើបរីករាយដែលបានមកចូលរួម និងសម្តែងរបាំក្នុងពិធីសង្ក្រាន្តស្រុកឈូកឆ្នាំនេះ។ តាមពិត ការរាំរបាំរបស់ពួកគាត់មិនទាន់បានល្អនៅឡើយទេ ព្រោះដោយសារការហ្វឹកហាត់មានរយៈពេលខ្លី។ យ៉ាងណាពួកគាត់នឹងខិតខំបន្តទៀតដើម្បីថែរក្សាទម្រង់របាំប្រពៃណីឱ្យនៅជាអមតៈ។

ចំណែកឯលោក អ៊ូច សុភាត់ ជាគ្រូបង្រៀនមកពីវិទ្យាល័យ ហ៊ុន សែន ឈូក បានបញ្ជាក់ថា តាមរយៈសកម្មភាពដែលកើតមានក្នុងពិធីសង្ក្រាន្តនេះ បានធ្វើឱ្យលោកយល់ដឹងបន្ថែមនូវអត្ថប្រយោជន៍ និងគុណតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ។ លោកនឹងនាំយកអត្ថន័យ និងខ្លឹមសារនៃសង្ក្រាន្តខ្មែរទៅបណ្តុះបណ្តាលដល់សិស្សឱ្យបានជ្រាបច្បាស់អំពីអត្តសញ្ញាណជាតិ ដើម្បីបញ្ចៀសនូវការយល់ច្រឡំដោយសារការបំភ្លៃវប្បធម៌មកពីខាងក្រៅ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


























Post a Comment

0 Comments