មន្ត្រីជំនាញបានបញ្ជាក់ថា តាមការរំពឹងទុកខេត្តកំពតនឹងមានភ្ញៀវទេសចរមកលេងកម្សាន្តច្រើន នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នានេះ មន្ត្រីជំនាញ ក៏ដូចជារដ្ឋបាលខេត្តបានខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍រួចជាស្រេច ធ្វើយ៉ាងណាដើម្បីទាក់ទាញភ្ញៀវឱ្យមកលេងខេត្តកំពត ហើយនឹកចង់មកម្តងទៀត ហើយចៀសវាងបាននូវការថ្នាំងថ្នាក់ចិត្តពីសំណាក់ភ្ញៀវទេសចរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ទទ្ទឹមនឹងខេត្តកំពតមានតំបន់ទេសចរណ៍ទាក់ទាញដល់ទៅ ៤២កន្លែង គួបផ្សំនឹងសមិទ្ធផលទេសចរណ៍ឯកទាំងបី ដែលជាស្នាដៃរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត មានដូចជា៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិកាខ្នាតធំ និងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៍ រួមជាមួយនឹងព្រឹត្តិការណ៍កំពតសង្ក្រាន្តរយៈពេលបីថ្ងៃផងនោះ យើងរំពឹងថាភ្ញៀវទេសចរប្រាកដជានឹងមកលេងខេត្តកំពតច្រើន ហើយទាំងក្រសួង និងរដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារពង្រឹងគុណភាពសេវាកម្មដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ដោយធ្វើយ៉ាងណាឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតម្តងហើយចង់មកម្តងទៀត។គូររម្លឹកថា សម្រាប់កំពតសង្ក្រាន្ត ឆ្នាំ២០២៥នេះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា៖ ការលេងល្បែង និងសំដែងរបាំប្រជាប្រិយ ការប្រកួតកីឡា (គុនខ្មែរ ល្បុកត្តោ អុកចត្រង្គ) ការប្រគុំតន្ត្រីខ្នាតធំ ការបាញ់កាំជ្រួចកម្សាន្តរយៈពេលបីថ្ងៃ និងមានតំបន់ត្រជាក់ជាដើម។ ហើយកាលពីរសៀថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តក៏បានរៀបចំពីធីក្រុងពលីរួចរាល់ផងដែរ ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសូមឱ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានសុវត្តិភាព និងទទួលបានសេចក្តីសប្បាយរីករាយ និងពរជ័យ សិរីមង្គលគ្រប់ប្រការពីទេវតាឆ្នាំថ្មី។ ដោយឡែកសម្រាប់សេវាស្នាក់នៅក្នុងខេត្តកំពតមិនមានការដំឡើងថ្លៃទេ ហើយនៅអាចស្វែងរកបាន លើកលែងតែរីសត និងបឹងហ្គាឡូជាប់មាត់ព្រែកប៉ុណ្ណោះ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments