មន្ត្រីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា តាមការសង្កេតឃើញជាក់ស្តែង ខេត្តកំពតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥មក នៅតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត បាននិងកំពុងរៀបចំធ្វើសង្ក្រាន្តយ៉ាងផុសផុល។ ក្នុងនោះមានកម្មវិធីនិមន្តព្រះសង្ឃបង្សុកូល សូត្រមន្តព្រោះព្រំលើករាសី និងអមដោយការសម្តែងរបាំប្រពៃណី ការលេងល្បែងប្រជាប្រិយ និងការទទួលអាហាសាមគ្គីជាមួយគ្នាជាដើម ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត លោក គង់ ផល្លា បានលើកឡើងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់ នៅថ្ងៃទី១៤-១៦ខែមេសាខាងមុខនេះ ខេត្តកំពត ចាប់តាំងពីថ្ងៃទី១ ខែមេសា គេឃើញមាននៅតាមមន្ទីរ អង្គភាពនានា ចាប់ផ្តើមរៀបចំធ្វើសង្ក្រាន្តមកជាបណ្តើរៗ។ ជាក់ស្តែងថ្ងៃទី៨ ខែមេសានេះ មន្ទីរវប្បធម៌ សហការជាមួយមន្ទីរព័ត៍មាន មន្ទីរអធិការកិច្ចក៏បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។លោកប្រធានមន្ទីរវប្បធម៌បានបន្ថែមថា ខេត្តកំពតក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយស្មារតីស្រឡាញ់ជាតិមាតុភូមិ ពិសេសប្រពៃណីទំនៀមទម្លាប់ វប្បធម៌អរិយធម៌ខ្មែរ របស់ឯកឧត្តម ម៉ៅ ធនិន ឯកឧត្តមតែងតែជំរុញលើកទឹកចិត្ត ដល់មន្ទីរអង្គភាព ឲ្យរៀបចំកម្មវិធីកម្សាន្តសប្បាយរួមគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ហើយរូបឯកឧត្តមតែងតែបានធ្វើជាគំរូដល់ល្អដល់មន្ត្រី ដូចជាការរៀបចំកំពតសង្ក្រាន្ត ការចែកស្បៀង និងថវិកាដល់មន្ត្រីក្រោមឱវាទជាដើម ដើម្បីលើកទឹកចិត្តដល់មន្ត្រី ក៏ដូចជាបំផុសឲ្យអ្នកជំនានក្រោយស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អនេះ ហើយថែរក្សាទុក កុំឲ្យបាត់បង់។
លោកប្រធានមន្ទីរវប្បធម៌ក៏បានស្នើដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពតនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សូមនាំគ្នា លេងល្បែងប្រជាប្រិយ គោរព និងរក្សាប្រពៃណីទំនៀមទម្លាប់ ឲ្យបានខ្ជាប់ខ្ជួន ពិសេសសូមនាំគ្នាជួយសម្អាតអនាម័យបរិស្ថាន ឲ្យបានស្អាតល្អ ដើម្បីទាក់ទាញទេសចរឲ្យមកលេងខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខកាន់តែច្រើន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments