Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតប្រាប់សេវាករឱ្យអនុវត្តន៍គោលការណ៍៣ចំណុចដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្តនិងទាក់ទាញភ្ញៀវទេសចរ

ដើម្បីរក្សាបាននូវកិត្តិសព្ទ និងកេរ្តិ៍ឈ្មោះខេត្តដែលមានភាពទាក់ទាញភ្ញៀវទេសចរដែលកំពុងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អភិបាលខេត្តកំពតបានស្នើដល់សេវករដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗ។ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់អ្នកទទួលបដិសណ្ឋារកិច្ចនៅគ្រប់ទីកន្លែងត្រូវស្លៀកពាក់សម្លៀលបំពាក់បុរាណខ្មែរដើម្បីថែរក្សាវប្បធម៌ប្រពៃណីជាតិ ក៏ដូចជាបង្ហាញដល់ទេសចរបរទេស។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារយៈពេលកន្លងមកវិស័យទេសចរណ៍ត្រូវបានរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសសមិទ្ធផលទេសចរណ៍ថ្មីៗត្រូវបានលេចចេញជារូបរាងជាច្រើនទីតាំង។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ទន្ទឹមនឹងខេត្តទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកផ្តល់សេវាកម្មផ្នែកទេសចរណ៍ទាំងអស់ត្រូវរួមសហការគ្នាផ្តល់សេវាដោយភាពស្មោះត្រង់ និងរក្សាឱ្យបាននូវកំណើនភ្ញៀវទេសចរ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានស្នើដល់សេវករដែលជាអ្នកផ្តល់សេវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗរួមមាន៖ ទី១. ត្រូវចូលរួមគាំទ្រនូវផលិតផលដែលផលិតបានរបស់ប្រជានេសាទ ប្រជាកសិករនៅក្នុងខេត្ត, ទី២. រួមគ្នាប្រើប្រាស់ពូជស្រូវ “នាងនូរ” ដែលជាពូជស្រូវមានរស់ជាតិឆ្ងាញ់សម្រាប់ភ្ញៀវទេសចរ, និងទី៣. ត្រូវរក្សាភាពថ្លៃថ្នូររបស់ខេត្តកុំឱ្យភ្ញៀវទេសចរមានការមិនពេញចិត្ត ពិសេសរក្សាតម្លៃកុំឱ្យមានការតម្លើងថ្លៃ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យថា តាមការរំពឹងទុក ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋមកពីតាមណ្តារាជធានី-ខេត្តនានាមកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តក្នុងទ្រង់ទ្រាយធំ ព្រមទាំងខេត្តមានគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤២កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ឯកជាច្រើនបានលេចចេញជារូបរាង និងទាក់ទាញខ្លាំងរួមមាន៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ពិសេសសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតដែលកំពុងមានភាពទាក់ទាញ ហើយនឹងបើកដំណើរការជាផ្លូវការក្នុងពិធីកំពតសង្ក្រាន្តនេះដែរ គឺសួនបាញ់ទឹករ៉េរាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments