Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពបានល្អដោយជាប់លេខ១ស្ទើរគ្រប់ឃុំ-សង្កាត់

នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពតបានបើកក្នុងកិច្ចប្រជុំបូកសរុបស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងនាសាលសន្និសីទបូកគោ សាលាខេត្តកំពត។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានឱ្យថា បច្ចុប្បន្នខេត្តកំពតបាននិងកំពុងអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពបានលទ្ធផលល្អប្រសើរ ហើយជាក់ស្តែងនៅឆ្នាំ២០២៤កន្លងទៅ ឃុំ-សង្កាត់ចំនួន៨៥ បានជាប់ចំណាត់ថ្នាក់លេខ១ និង៨ឃុំ-សង្កាត់ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងចលនាប្រឡងប្រណាំងភូមិឃុំ-សង្កាត់មានសុវត្ថិភាព។

លោកស្នងការរងបានបន្តថា ខេត្តកំពត ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត ការអនុវត្តការងារការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការបង្ក្រាបបទល្មើសផ្សេងៗគឺទទួលបានលទ្ធផលល្អប្រសើ ជាក់ស្តែងសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥នេះ ភូមិសាស្ត្រសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅក្នុងខេត្តទាំងមូលគឺមានភាពល្អប្រសើរ ហើយបទល្មើសផ្សេងៗមានការថយចុះគួរឱ្យកត់សម្គាល់។

ក្នុងពិធីនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានថ្លែងកោតសរសើរចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងាររក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាធ្វើការបង្ក្រាបបទល្មើសផ្សេងៗបានទាន់ទពេលវេលា និងមានប្រសិទ្ធិភាព។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការជំរុញលើកទឹកចិត្តដល់កម្លាំងសមត្ថិកិច្ច និងអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តខិតខំប្រឹងប្រែងដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងភាពសុខសាន្តជូនពលរដ្ឋ និងភ្ញៀវទេសចរ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យពិធីបុណ្យប្រព្រឹត្តិទៅដោយរលូន និងពោពេញដោយភាពសប្បាយរីករាយ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments