Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតបង្ហាញគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ

អភិបាលខេត្តកំពតបានបញ្ជាក់ថា បន្ទាប់ពីស្ថាបនាសួនបាញ់ទឹករេរាំតាមវង្វាក់ភ្លេងរួច រដ្ឋបាលខេត្តនឹងចាប់ផ្តើមស្ថាបនាស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកមួយបន្ថែមទៀត  ហើយពេលស្ពានធ្វើជិតរួច រដ្ឋបាលខេត្តក៏នឹងបន្តស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយ ដើម្បីស្រូបទាញភ្ញៀវមកលេងខេត្តកំពតបានកាន់តែច្រើន ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅសាលសន្និសីតបូកគោ។

នៅក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ចំពោះស្ថានភាពភូមិសាស្ត្រនយោបាយ និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋនៅក្នុងខេត្តមានភាពល្អប្រសើរ។ ជាក់ស្តែងបញ្ហាឆបោករបស់ក្រុមហ៊ុន ជា សារ៉ន កន្លងមកនេះរដ្ឋបាលខេត្តបានអនុវត្តនូវគោលការណ៍របស់សម្តេចធិបតី   ដោយបានឲ្យប្អូនប្រជាពលរដ្ឋមកដាក់ពាក្យស្នើសុំ នូវអ្វីដែលពួកគាត់ត្រូវទទួលបានពីក្រុមហ៊ុនជា សារ៉ន មានដូចជាបណ្ណកម្មសិទ្ធិដីធ្លី និងបណ្ណកាន់កាប់តូបជាដើម។ គិតចាប់តាំងពីថ្ងៃបើកទទួលពាក្យ នៅថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១០ ខែមីនានេះ ពលរដ្ឋមកដាក់ពាក្យចំនួន ៣ ៧០៣នាក់ លើ៥ ៧៧៧នាក់។ ឯកឧត្តមវាយតម្លៃថាបញ្ហាក្រុមហ៊ុន ជា សារ៉ននេះ នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តមបានគូសបញ្ជាក់ដែរថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងល្អរវាងរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្ត គម្រោងអភិវឌ្ឍន៍ជាច្រើន នឹងត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេចរជាតិ និងអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ខណៈដែលក្រុមហ៊ុនបរទេស២បានមកបើករោងចក្រផលិត និងកែច្នៃស្វាយ និងរោងចក្រផលិតគ្រឿងវេជ្ជសាស្ត្រនៅខេត្តកំពត។  
  
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរថា បច្ចុប្បន្នវិស័យកសិកម្ម និងវិស័យទេសចរណ៍បានក្លាយជាឆ្អឺងខ្នងដ៏សំខាន់របស់ខេត្ត  ហើយឯកឧត្តមក៏បានជំរុញដល់អាជ្ញាធរ ពិសេសមន្ត្រីមន្ទីរកសិកម្ម និងទេសចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ ចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំ ចង់ក្រងជាសហគមន៍ ដាំដុះបន្លែ ដំណាំហូបផ្លែ  ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរឲ្យបានគ្រប់គ្រាន់ ព្រោះមិនអាចឲ្យខេត្តមួយ មានភ្ញៀវទេចរមកលេងច្រើនហើយ បែជាគ្មានអាហារ នំចំណី ផ្លែឈើសម្រាប់លក់នោះទេ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments