Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អ្នកជំនាញផ្នែកធុរកិច្ចជំរុញសហគ្រិនវ័យក្មេងឱ្យពង្រឹងសមត្ថភាពដើម្បីរួមគ្នាបង្កើតសហគមន៍មួយដ៏រឹងមាំ

ដើម្បីពង្រីកអាជីវកម្មឱ្យបានសមស្របទៅនឹងបរិបទសង្គមឌីជីថល អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនាញផ្នែកធុរកិច្ច បណ្ឌិត តាន់ មុនីវណ្ណ បានណែនាំឱ្យសហគ្រិនវ័យក្មេងខិតខំពង្រឹងសមត្ថភាព ប្រមូលផ្តុំសមាជិកឱ្យបានច្រើន ហើយធ្វើការរួមគ្នា ដើម្បីបង្កើតសហគមន៍មួយដ៏រឹងមាំនៅខេត្តកំពត-កែប ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍ។

មានប្រសាសន៍បើក ការផ្សព្វផ្សាយ “កម្មវិធីអភិវឌ្ឍសហគ្រិន” របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាកំពត-កែប កាលពីរសៀលថ្ងៃទី៨ មីនា ឆ្នាំ២០២៥ លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកជំនាញផ្នែកធុរកិច្ច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានប្រឹងប្រែងខ្លាំងណាស់ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យអភិវឌ្ឍប្រទេសឆ្នាំ២០៣០ និង២០៥០ខាងមុខ។ ក្នុងនោះសភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នមានសហប្រធានក្រុមវិស័យឯកជន និងរដ្ឋ ដល់១៦ (លេខាធិការដ្ឋានចំនួន១៦ មានឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ១៦ដូចគ្នា) ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម។ ដូច្នេះហើយសហគ្រិនវ័យក្មេងកម្ពុជាដែលជាកម្លាំងចលករមួយសំខាន់ត្រូវបន្តខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព ប្រមូលផ្តុំគ្នាបង្កើតសហគមន៍ខ្លាំងមួយសម្រាប់ខេត្តរបស់ខ្លួន។

លោក ឃឹម ប៊ុនឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តកំពត-កែប បានលើកឡើងថា ខេត្តកំពត និងខេត្តកែបគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ដែលបានស្រូបទាញភ្ញៀវទេសចរមកពីបណ្តាខេត្តនានាក្នុងប្រទេស ពិសេសបានស្រូបទាញភ្ញៀវទេសចរអន្តរជាតិ ដែលជាកត្តាធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងការងាររកស៊ីរីកលូតលាស់ធំ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់ខេត្តកំពត អ្នករកស៊ី ម្ចាស់អាជីវកម្ម សហគ្រិនទាំងអស់ ត្រូវតែអភិវឌ្ឍខ្លួនបន្ថែមទៀត ទើបអាចពង្រីកអាជីវកម្មខ្លួនបានល្អប្រសើរ ស្របទៅនឹងការរីកមច្រើនរបស់ខេត្ត។

សូមបញ្ជាក់ថា “កម្មវិធីអភិវឌ្ឍសហគ្រិន” មានកម្មវិធីសិក្សាចំនួន ៨វគ្គ ដែលមានរយៈពេលជិត១ឆ្នាំ ក្នុងនោះ វគ្គទី១.ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព, វគ្គទី២.ការវិភាគ និងរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារ, វគ្គទី៣.ការរៀបចំ និងគ្រប់គ្រងចំណូលចំណាយឱ្យមានប្រសិទ្ធភាព ចេះអាន និងចេះរៀបរបាយការណ៍ដើម្បីយកទៅស្នើសុំដើមទុន, វគ្គទី៤.ការគ្រប់គ្រងប្រតិបត្តិការ, វគ្គទី៥.ផ្នែកលក់ និងសេវាកម្មអតិថិជន, វគ្គទី៦.ការគ្រប់គ្រងធនធានមនុស្ស, វគ្គទី៧.អេអាយ និងទីផ្សារឌីជីថល និងវគ្គទី៨.ការរៀបចំផែនការអាជីវកម្មដើម្បីយកទៅអនុវត្ត និងបង្ហាញអ្នកវិនិយោគ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments