Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សួនទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌ជាសមិទ្ធិផលដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់ទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត

ប្រជាពលរដ្ឋក្នុងក្រុងកំពតទាំងអ្នកហាត់ប្រាណ ក៏ដូចជាភ្ញៀវទេសចរដែលបានដើរកម្សាន្តលើសួនច្បារឆ្នេរព្រែកកំពង់បាយ កាលពីល្ងាច និងយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានសម្តែងក្តីរំភើបរីករាយពេលឃើញទឹករេរាំតាមចង្វាក់ភ្លេងលម្អដោយពន្លឺភ្លើងចម្រុះពណ៌ ដែលក្រុមការងារបច្ចេកទេសបើកសាកល្បងលើកដំបូង។ សួនទឹកនេះ ក្រុមការងារនឹងធ្វើការកែសម្រួលបន្ថែមទៀត ខណៈដែលការចាក់ភ្លេងអមមិនទាន់រៀបចំដាក់បញ្ចូលនៅឡើយ។

ពាក់ព័ន្ធនឹងការបើកសាកល្បងនូវសួនទឹករេរាំតាមចង្វាក់ភ្លេងលម្អដោយពន្លឺភ្លើងចម្រុះពណ៌នេះ ក្រុមអ្នកបច្ចេកទេសបានប្រាប់ឱ្យដឹងថា ខណៈពេលនេះគឺគ្រាន់តែជាការសាកល្បងដើម្បីផ្ទៀងផ្ទាត់ទៅនឹងគំរូដែលបានរៀបចំឡើងដោយអ្នកជំនាញមុនពេលដំឡើងប៉ុណ្ណោះ ហើយផ្អែកតាមការពិនិត្យជាក់ស្តែង គឺចង្វាក់រេរាំនៃខ្សែទឹកដែលបាញ់ចេញ ក៏ដូចជាភ្លើងពណ៌អមនៅមិនទាន់សមស្រប ១០០ភាគរយនៅឡើយ។ ដូច្នេះ ក្រុមការងារនឹងធ្វើការកែសម្រួលឡើងវិញនូវផ្នែកខុសឆ្គងទាំងនោះ ហើយនេះក៏មិនទាន់គិតអំពីការបញ្ចូលភេ្លងឱ្យស៊ីចង្វាក់គ្នានៅឡើយ។

សូមរម្លឹកថា សួនទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ត្រូវបានរដ្ឋបាលខេត្តកំពតបានធ្វើពិធីបើកការដ្ឋានដំឡើង ក្នុងដងព្រែកកំពង់បាយទល់មុខសាលាខេត្តផ្ទាល់ កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥។ តាមគម្រោងទុក សមិទ្ធផលនេះនឹងសម្រេចរួចរាល់នាដំណាច់ខែមីនា ឆ្នាំ២០២៥ខាងមុខ ហើយនឹងដាក់ដំណើរការជាផ្លូវការក្នុងខែមេសា មុនពេលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីសួនទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងចម្រុះពណ៌ដំណើរការពេញលេញ រដ្ឋបាលខេត្តកំពតក៏នឹងចាប់ផ្តើមសាងសង់ស្ពាន និងផ្លូវវាងក្រុងឆ្លងកាត់ព្រែកកំពង់បាយ១ខ្សែទៀត ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត។ បន្ថែមពីលើនេះ នៅពេលសមិទ្ធផលថ្មីទាំង២ជិតសម្រេចរួចរាល់ រដ្ឋបាលខេត្តក៏នឹងបន្តស្ថាបនាឆ្នេរសមុទ្រកម្សាន្តល្អប្រណីត១កន្លែងដើម្បីទាក់ទាញភ្ញៀវមកលេងកម្សាន្តច្រើនឡើងបំណងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

តាមរបាយការណ៍របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា ក្នុងរយៈពេល២ខែដើមឆ្នាំ២០២៥ ខេត្តកំពតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលម្ហែកម្សាន្តប្រមាណជិត ៤០ម៉ឺននាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត














Post a Comment

0 Comments