Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេល២ខែដើមឆ្នាំ២០២៥ ខេត្តកំពតមានភ្ញៀវទេសចរប្រមាណជិត ៤០ម៉ឺននាក់មកសម្រាកកម្សាន្ត

មន្ត្រីជំនាញបានបញ្ជាក់ថា ខេត្តកំពតក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត លោកតែងមានគំនិតផ្តួចផ្តើមច្នៃបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗជាប់ជានិច្ច ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ ជាក់ស្តែង២ខែ ដើមឆ្នាំ២០២៥នេះ ភ្ញៀវទេសចរប្រមាណជិត ៤០ម៉ឹននាក់ បានមកសម្រាកកម្សាន្តនៅខេត្តកំពត ខណៈដែលនិន្នាការភ្ញៀវទេសចរនៅតែបន្តប្រសើរឡើង។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរមកសម្រាកកម្សាន្តនៅខេត្តកំពតមានភាពល្អប្រសើរ ហើយចំនួនភ្ញៀវមានការកើនឡើងទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនភ្ញៀវទេសចរមានការហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០២៥ ភ្ញៀវទេសចរប្រមាណជិត ៤០ម៉ឺននាក់ បានមកសម្រាកកម្សាន្តក្នុងខេត្តកំពត ហើយក្នុងនោះភ្ញៀវទេសចរបរទេសមានប្រមាណ ២៤ ០០០នាក់ផងដែរ។

លោកបានបន្តទៀតថា ដោយមានការជំរុញពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ពិសេសក្រោមការខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើឱ្យខេត្តកំពតកាន់តែប្រែប្រួលមុខមាត់ថ្មី ល្បីល្បាញ និងក្លាយជាខេត្តគោលដៅទេសចរណ៍ទី២របស់កម្ពុជា ដែលមានទេសចរមកលេងច្រើនជាងគេបន្ទាប់ពីខេត្តសៀមរាប។

លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមផងដែរថា ខេត្តកំពតមិនត្រឹមតែជាខេត្តគោលដៅទេសចរណ៍ចម្រុះនោះទេ សេវាស្នាក់នៅក៏មានភាពសម្បូរបែបនឹងស្អាតៗខុសប្លែកពីខេត្តដទៃដែរ ពិសេស រីសត បឹងហ្គាឡូ និងផ្ទះលំហែតាមដងព្រែក រួមទាំងសកម្មភាពកីឡាលើទឹកជាច្រើនផងនោះជាកត្តាមួយធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជ្រើសរើសយកការដើរលេងកម្សាន្តមកកាន់ខេត្តកំពត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments