Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតជំរុញអាជ្ញាធរក្រុងស្រុកត្រូវបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងឱកាសចូលឆ្នាំថ្មីដើម្បីបង្ហាញវប្បធម៌ប្រពៃណី និងទាក់ទាញភ្ញៀវទេសចរ

អភិបាលខេត្តកំពតបានធ្វើការណែនាំដល់អាជ្ញាធរក្រុងស្រុកទាំង៩ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពឱ្យល្អប្រសើរ ពិសេសត្រូវបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋ ភ្ញៀវទេសចរដែលទៅកន្សាន្តនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខដើម្បីបង្ហាញវប្បធម៌ប្រពៃណីជាតិ ខណៈដែលរដ្ឋបាលខេត្តបានគ្រោងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តដ៏ធំមួយដើម្បីទាកទាញទេសចរ។ 

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីផ្តល់ជូននូវភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤-១៦ ខែមេសា ខាងមុខ  រដ្ឋបាលខេត្តកំពត បានត្រៀមរៀបចំធ្វើព្រឹត្តិការណ៍ “កំពតសង្ក្រាន្ត” ដ៏ធំមួយក្នុងក្រុងកំពត ដោយមានការរៀបចំកម្មវិធីសប្បាយៗជាច្រើនមានដូចជា៖ ការប្រគំតន្ត្រី ការតុបតែងលម្អទីតាំង ការលេងល្បែង និងរបាំប្រជាប្រិយ  ការប្រគំតន្ត្រីភ្លេងប្រពៃណីបូរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ ការរៀបចំតំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ មន្ទីរជំនាញពាក់ព័ន្ធ វិស័យឯកជននៅទូទាំងខេត្ត ត្រូវរួមសហការគ្នាខិតខំរៀបចំតុបតែងលម្អទីតាំងរបស់ខ្លួនទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ពិសេសត្រូវរំលេចចេញនូវរចនាបថរបស់ខ្មែរដើម្បីបង្ហាញដល់ភ្ញៀវទេសចរបរទេស និងយុវវជនជំនាន់ក្រោយ ព្រមទាំងបង្កបរិយាកាស ធ្វើយ៉ាងណាឱ្យមានភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យបានល្អប្រសើរ។ ហើយអាជ្ញាធរក្រុង-ស្រុកទាំងអស់ រួមជាមួយនឹងកម្លាំងមានសមត្ថកិច្ច ត្រូវទប់ស្កាត់ឱ្យបាននូវបញ្ហាមិនប្រក្រតីណាមួយ ដែលអាចនឹងកើតឡើងជាយថានៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់មន្ទីរទេសចរណ៍ ឱ្យបន្តចុះណែនាំអប់រំដល់បងប្អូនប្រតិបត្តិករទេសចរណ៍ ឱ្យយកចិត្តទុកដាក់ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ អរីយធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ តាមរយៈការរៀបចំតុបតែងលម្អទីតាំងរបស់ខ្លួន និងការស្លៀកពាក់តាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរជាដើម។ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យមន្ទីរទេសចរណ៍ បន្តរៀបចំពិនិត្យបញ្ជីតម្លៃនៃសេវាផ្សេងៗនៅគ្រប់ទីតាំងសេវាកម្ម ដោយធ្វើយ៉ាងណាកុំឱ្យមានការតម្លើងថ្លៃមិនសមរម្យធ្វើឱ្យអ្នកមកលេងកម្សាន្តក្នុងខេត្តមានការមិនពេញចិត្ត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments