Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញនិងថ្នាក់ដឹកនាំខេត្តកំពតជំរុញអាជ្ញាធរមូលដ្ឋានឲ្យសកម្មលើការងារសម្អាតអនាម័យបរិស្ថាន

ថ្នាក់ដឹកនាំខេត្តកំពតបានលើកឡើងថា ខេត្តកំពតក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន បានប្រែមុខប្រែមាត់ថ្មី និងមានកំណើនភ្ញៀវកាន់តែច្រើនឡើងៗ។ ហើយកំណើនភ្ញៀវក៏បង្កឱ្យមានកាកសំណល់រឹង រាវ សំរាម និងបា្លស្ទិកកើនឡើងដែរ ដែលទាមទាឱ្យអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយ និងចូលរួមសម្អាតអនាម័យឱ្យសកម្មថែមទៀត ខណៈមន្ត្រីជំនាញថាការងារអនាម័យបរិស្ថានគឺជាការងាររួម។

ថ្លែងនៅក្នុងកិច្ចប្រជុំបុកសរុបលទ្ធផលការងារអនាម័យបរិស្ថានប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តកំពត ដែលបានរៀបចំឡើងដោយមន្ទីរបរិស្ថាន នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទបូកគោ លោក មឿង គង្គា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ខេត្តកំពតក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់លោក ម៉ៅ ធនិន សម្រេចបានសមិទ្ធផលទេសចរណ៍ជាច្រើន ដូចជាឆ្នេរខ្សាច់ចំនួន៣ទីតាំង រូបសំណាកសេះសមុទ្របាញ់ទឹក នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ព្រមទាំងថ្មីៗនេះបានដំណើរការសាកល្បងសួនបាញ់ទឹករាំតាមចង្វាក់ភ្លេង ដែលសុទ្ធសឹងជាកត្តារួមចំណែកជំរុញដល់កំណើនភ្ញៀវទេសចរ។
លោកបានបន្តថា កំណើនភ្ញៀវទេសចរយ៉ាងច្រើនកុះករនេះ ក៏បានធ្វើឱ្យមានសំរាម សំណល់រឹង រាវ និងថង់ប្លាស្ទិក នៅតាមទីសាធារណៈ តាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍កើនឡើងដែរដែលទាមទារឱ្យរដ្ឋបាលខេត្តកំពត រដ្ឋបាលក្រុង-ស្រុក មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ និងគិតគូរឱ្យបានល្អិតល្អន់ ដើម្បីធានាថាសំរាម សំណល់រឹង ត្រូវបានប្រមូលដឹកជញ្ជូនទៅទុកដាក់នៅទីលានបានត្រឹមត្រូវ។

លោកអភិបាលរងបានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពត មន្ទីរ-អង្គភាពពាក់ព័ន្ធ ជាពិសេសមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បាននឹងកំពុងយកចិត្តទុកដាក់ខ្លាំងលើការងារសម្អាតអនាម័យ ការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ "ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" យុទ្ធនាការ "កម្ពុជាស្អាត ខ្មែរធ្វើបាន" និងយុទ្ធនាការសម្អាតដងផ្លូវជាតិ "ផ្លូវជាតិគ្មានសំរាមប្លាស្ទិក" ដើម្បីធានាបានក្នុង ភូមិសាស្ត្រខេត្តកំពតស្អាត មានសោភ័ណភាព អនាម័យ គ្មានសំរាមរាយប៉ាយតាមដងផ្លូវទីសាធារណៈ។ តែយ៉ាងណាក៏ដោយ លោកបានស្នើដល់ លោក លោកស្រី មេឃុំ ចៅសង្កាត់ និងស្មៀនឃុំទាំងអស់ មេត្តាអនុវត្តតាមផែនការឱ្យបានសកម្មថែមទៀត។

លោក រាត់ ស៊ិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានបានកោតសរសើរលទ្ធផលការងារអនាម័យបរិស្ថាននៅខេត្តកំពត ហើយថាការងារអនាម័យបរិស្ថាន គឺចាំបាច់ត្រូវមានការចូលរួមទាំងអស់គ្នា ជាពិសេសគឺអាជ្ញាធរភូមិ-ឃុំ-ស្រុក យុវជន សិស្សានុសិស្ស ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ក្នុងការចូលរួមទុកដាក់សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments