Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

លោកជំទាវ ពុំ ចន្ទីនី៖សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតសម្រេចសមិទ្ធផលល្អគួរជាគំរូសម្រាប់សាខាផ្សេងៗ

អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ថាជាសាខាមួយមានការរៀបចំ ចាត់ចែង និងអភិបាល បានល្អ គណៈកម្មាធិការក៏ខ្លាំង ហើយក្រុមប្រតិបត្តិក៏ខ្លាំង ធ្វើឲ្យសាខាមានដំណើរការល្អ គួរតែជាគំរូសម្រាប់ឲ្យសាខាខេត្តផ្សេងៗ សិក្សាដកស្រង់បទពិសោធន៍ ដើម្បីអនុវត្តតាម។

ថ្លែនៅក្នុងពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៦ ដែលបានរៀបចំឡើងនៅសាលសន្និសិទបូកគោ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ពុំ  ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  បានមានប្រសាសន៍ថា លោកជំទាវពិតជាមានមោទនភាពចំពោះកិច្ចប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដែលបានសម្រេចនូវសមិទ្ធផលល្អប្រសើរ គោរពបាននូវគោលការណ៍ទាំង៧ ពិសេសឆ្លើយតប តម្រូវការចាំបាច់របស់ពលរដ្ឋបានទាន់ពេលវេលា ជារួមធ្វើបានល្អទាំងការងារគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ, ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍, ការងារការលើកកម្ពស់គោលការណ៍គ្រឹះ និងតមៃ្លមនុស្សធម៌ និងការងារអភិវឌ្ឍស្ថាប័ន។

ដើម្បីឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតកាន់តែមានដំណើរការល្អប្រសើរថែមទៀត លោកជំទាវបានណែនាំការងារមួយចំនួន៖ទី១.ពង្រឹងស្មារតីឯកភាព និងសុខដុមរមនីយកម្មរវាងគណៈកិត្តិយសសាខា អនុសាខា ជាមួយគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិសាខាគ្រប់លំដាប់ថ្នាក់។ ទី២.សូមប្រជុំបែងបែកភារកិច្ចតួនាទីជួនប្រធាន អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកសមាជិកាម្នាក់ៗឲ្យបានច្បាស់លាស់។ ទី៣ ត្រូវពង្រឹងអភិបាលកិច្ចល្អ ។ ទី៤.សូមបន្តយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទី៥. ពង្រីកចំនួនយុវជនថ្មី ។ ទី៦ សូមយកចិត្តទុកដាក់ពង្រីកសមត្ថភាពអ្នកស្ម័គ្រចិត្ត និងទី៧.ត្រូវពង្រីកការផ្សព្វផ្សាយអំពីអំពើល្អ និងភាពត្រឹមត្រូវរបស់កាកបាទក្រហមកម្ពុជា។
 
គួរំលឹកថាសម្រាប់២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋចំនួន៨.៩៨៣គ្រួសារ រួមមាន៖គ្រួសាររង់គ្រោះដោយខ្យល់កន្រ្តាក់ រន្ទះបាញ់ ភ្លើងឆេះផ្ទះ ទឹកជំនន់  លង់ទឹក  គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះជាដើម៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments