ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពតបានបញ្ជាក់ថា ដោយមានការជំរុញលើកទឹកចិត្តពីរាជរដ្ឋាភិបាល ក្រសួង ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មន្ទីរពេទ្យបង្អែកខេត្ត បានខិតខំផ្តល់សេវាជូនពលរដ្ឋសម្រេចលទ្ធផលការងារកាន់តែប្រសើរ។ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានមកប្រើប្រាស់សេវារបស់មន្ទីរពេទ្យ ដែលបានធ្វើឱ្យចំនួននៃការផ្តល់សេវាពិនិត្យ និងសម្រាកព្យាបាលមានការកើនឡើងជាលំដាប់ ខណៈដែលពលរដ្ឋបានបង្ហាញភាពកក់ក្តៅក្នុងការមកទទួលយកសេវា។
លោកវេជ្ជបណ្ឌិត ឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត បានប្រាប់ឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តកំពត ជាមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពកម្រិត៣ បង្អែកឱ្យមន្ទីរពេទ្យស្រុកចំនួន៤ និងមណ្ឌលសុខភាពចំនួន៦៦ មានគ្រែសម្រាកព្យាបាលចំនួន ១៦៣គ្រែ មានបុគ្គលិកសរុបចំនួន ២៦៨នាក់ ក្នុងនោះមានវេជ្ជបណ្ឌិតចំនួន ៣៦នាក់ វេជ្ជបណ្ឌិតឯកទេសចំនួន ៨នាក់ ក្រៅពីនោះ មានគិលានុបដ្ឋាក គិលានុបដ្ឋាកឆ្មប ឱសថការី និងទន្តពេទ្យផងដែរ។ លោកបានបញ្ជាក់ថាការផ្តល់សេវារបស់មន្ទីរពេទ្យបង្អែកចែកចេញជា២ផ្នែកធំៗ រួមមានផ្នែក (OPD) ពិគ្រោះជំងឺក្រៅ និង (IPD) សម្រាកពេទ្យ ហើយក៏មានផ្នែកជំនួយវេជ្ជសាស្ត្រ (ប៉ារ៉ាគ្លីនិក) ដើម្បីធ្វើរោគវិភាគផងដែរ។លោកប្រធានមន្ទីរពេទ្យបានបន្តថា ដោយសារមានការជំរុញលើកទឹកចិត្តពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តកំពតបានខិតខំបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋសម្រេចនូវលទ្ធផលកាន់តែល្អប្រសើរ និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលមកប្រើប្រាស់សេវាសុខាភិបាលរបស់មន្ទីរពេទ្យ ធ្វើឱ្យចំនួននៃការផ្តល់សេវាមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកស្រី ផន ឆពុម្ភ ដែលបានមកទទួលសេវាសម្រាលកូន មកពីភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក បានប្រាប់ឱ្យដឹងថា អ្នកស្រីមកសម្រាលកូនដោយការវះកាត់បានរយៈពេល ៦ថ្ងៃហើយ។ អ្នកស្រីសប្បាយចិត្តយ៉ាងខ្លាំងដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ ក្នុងការជួយថែទាំ និងធ្វើឱ្យអ្នកស្រីសម្រាលកូនបានជោគជ័យ ហើយមានសុខភាពល្អ ទាំងម្តាយ និងកូន។ អ្នកស្រីក៏បានថ្លែងអំណរគុណដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យក្នុងមន្ទីរពេទ្យបង្អែកខេត្តទាំងអស់ ដែលមានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនពលរដ្ឋបានល្អប្រសើរ និងដោយការយកចិត្តទុកដាក់បំផុត។
ទោះយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិតប្រធានមន្ទីរពេទ្យបង្អែកខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព និងមានប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លង ហើយបើមានអាការៈ ឬរោគសញ្ញាឈឺថ្កាត់ណាមួយ សូមប្រញាប់ទៅពិគ្រោះ និងព្យាបាលនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះរបស់ខ្លួន ឬទៅមន្ទីរពេទ្យបង្អែកស្រុកឬខេត្តក៏បាន ក្រុមគ្រូពេទ្យនឹងនៅរង់ចាំពិនិត្យព្យាបាលជូន ២៤ម៉ោង លើ២៤ម៉ោង៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments