Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

នាយឧត្តមសេនីយ៍ សៅ សុខា៖ អាវុធហត្ថធ្វើកំណែទម្រង់ដើម្បីប្រសិទ្ធភាពការប្រតិបត្តិតួនាទីនិងភារកិច្ច

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាការធ្វើកំណែនទម្រង់អាវុធហត្ថផ្អែកលើគោលការណ៍៤គឺ ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដែលទាមទាចាំបាច់ការងារអប់រំ និងបណ្តុះបណ្តាល។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថាកងកម្លាំងខិតខំរៀនសូត្រមានសញ្ញាបត្រ គឺជាអ្នកតស៊ូហើយស័ក្តិសមនឹងត្រូវលើកតម្កើង។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តកំពត នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងកោតសរសើរដល់កងកម្លាំងអាវុធហត្ថខេត្តកំពតទាំងអស់ ដែលកន្លងមកបានអនុវត្ត តួនាទីភារកិច្ចបានល្អ ក្នុងការបំរើ ការពារប្រជាពលរដ្ឋ ហើយទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្តថា អាវុធហត្ថបានធ្វើកំណែទម្រង់ដោយផ្អែកលើគោលការណ៍ចំនួន៤ ដើម្បីបង្កើនគុណភាព នៃការប្រតិបត្តិតួនាទី និងភារកិច្ចឱ្យកាន់តែប្រសើររួមមាន៖ ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាព និងសក្តិសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីភារកិច្ច ដែលទាមទាចាំបាច់ឱ្យមានការងារអប់រំ និងបណ្តុះបណ្តាលដល់កងកម្លាំងទាំងអស់។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកំពតទាំងអស់ ក្នុងការថែរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អ និងផ្តល់ជូននូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិដែលបានមកសម្រាកកម្សាន្តក្នុងខេត្តកំពត។ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការលើកទឹកចិត្តឱ្យកងកម្លាំងអាវុធហត្ថទាំងអស់ បន្តកិច្ចការងាររបស់ខ្លួនឱ្យកាន់តែប្រសើរថែមទៀត ដើម្បីរួមចំណែកក្នុងការថែរក្សាសុខសន្តិភាពដែលកំពុងមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងបន្តទៅមុខទៀត។

យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតបានឱ្យដឹងថា ការបើកការដ្ឋានសាងសង់អគារសេនាធិការកងរាជអាវុធហត្ថខេត្តនាពេលនេះ គឺត្រូវបានធ្វើឡើងតាមគំរូប្លង់រចនាបទសិល្បៈខ្មែរ ដែលបានឯកភាពតែមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលអគារសេនាធិការនេះមានទទឹង ១២ម៉ែត្រ បណ្តោយ ៥៦ម៉ែត្រ កម្ពស់ ៣ជាន់ មានផ្ទៃក្រឡា ២ ០១៦ម៉ែក្រការ៉េ ត្រូវប្រើពេលសាងសង់ ១៥ខែ និងចំណាយថវិកាប្រមាណ ២ ៦០០លានរៀល ដោយមិនគិតបញ្ចូលគ្រឿងបំពាក់នៅឡើយ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង













Post a Comment

0 Comments