នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) ក្នុងភូមិហុងស៊ុយ ឃុំបន្ទាយមាសខាងលិច និងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ដែលបានចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិត្រពាំងពោន ភូមិក្រសាំងលើ ភូមិក្រសាំងកម ឃុំបន្ទាយមាសខាងកើត ភូមិទួលក្រសាំង និងភូមិម៉ឹនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងបរិវេណវត្តអូរជុំ ស្ថិតក្នុងភូមិព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។
មានមិតសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបន្តវេណដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានគិតគូរជានិច្ចនូវរាល់កិច្ចការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដោយបានដាក់ចុះនៅយន្តការ និងការចង្អុលបង្ហាញដោយផ្ទាល់មកកាន់អាជ្ញាធររាជធានី-ខេត្ត និងមន្ទីរជំនាញត្រូវពន្លឿនក្នុងការចុះវាស់វែង និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានឆាប់រហ័យបំផុត។ ហើយការដែលឈានដល់ការចែកបណ្ណកម្មសិទ្ធិនាពេលនាំ ក៏ដោយសារមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ហើយរដ្ឋបាលខេត្តក៏ចង់ឃើញពុកម៉ែបងប្អូនទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់ៗគ្នាផងដែរ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា បណ្ណកម្មសិទ្ធនេះគឺជាបណ្ណដែលបញ្ជាក់ពីការកាន់កាប់ដីធ្លីស្របច្បាប់របស់បងប្អូន ដូច្នេះពេលទទួលបានហើយសូមទុកដាក់បណ្ណនេះឱ្យបានត្រឹមត្រូវ ម្យ៉ាងទៀតបណ្ណនេះក៏បានរួមចំណែកក្នុងការជួយកាត់បន្ថយនូវទំនាស់ដីធ្លីផងដែរ។ឯកឧត្តមអភិបាលខេត្តបានបន្ដថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរទាំង៩ ក្រុង-ស្រុកក្នុងខេត្ត មន្រ្តីបច្ចេកទេសសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រសម្របសម្រួលឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ហើយត្រូវខិតខំសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានពាក់ព័ន្ធក្នុងការផ្តល់សេវានៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់រហ័ស និងមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នាពេលនេះមាន ១ភូមិ ដែលមានក្បាលដី សរុបចំនួន ១ ៨២១ក្បាលដី ស្មើនឹង ៥៧០គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន ៥ភូមិ រួមមាន៖ ភូមិត្រពាំងពោន ភូមិក្រសាំងលើ ភូមិក្រសាំងកម ឃុំបន្ទាយមាសខាងកើត ភូមិទួលក្រសាំង និងភូមិម៉ឹនដាំ ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ដែលមានក្បាលដីសរុបចំនួន ៨ ៩៨២ក្បាលដី ស្មើនឹង ២ ៩០៩គ្រួសារ៕
0 Comments