Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញមានក្តីមោទកៈជាមួយការស្នាក់នៅរបស់សត្វក្រៀលក្នុងបឹងអន្លង់ព្រីងឆ្នាំនេះមានរយៈពេលយូរ

មន្ត្រីគ្រប់គ្រងតំបន់ការពារបឹងធម្មជាតិបានសម្តែងក្តីមោទកៈដោយសារការចុះរកចំណី និងស្នាក់នៅរបស់សត្វក្រៀលនាដែនអភិរក្សអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច សម្រាប់រដូវកាលឆ្នាំនេះមានរយៈពេលវែង។ ការបង្កើត “ស្រែមិត្តក្រៀល” កត្តាអាកាសធាតុ និងការយល់ដឹងបន្ថែមរបស់ពលរដ្ឋក្នុងសហគមន៍ ជាចលករដែលធ្វើឱ្យពពួកសត្វក្រៀលស្នាក់នៅបឹងអន្លង់ព្រីងមានរយៈពេលយូរ ហើយពោរពេញដោយភាពកក់ក្តៅ។

លោក ឈឹម ម៉េង នាយកតំបន់ការពារទេសភាពបឹងអន្លង់ព្រីងបានប្រាប់ឱ្យដឹងថា ការចុះរកចំណី និងការស្នាក់នៅរបស់សត្វក្រៀលនាបឹងអន្លង់ព្រីងក្នុងឆ្នាំ២០២៤-២០២៥ គឺមានរយៈពេលយូរជាងរដូវកាលមុនៗ។ នេះជាមោទកៈភាពមួយសម្រាប់មន្ត្រីជំនាញ និងសមាជិកសហគមន៍ ព្រោះជាធម្មតាត្រឹមចុងខែកុម្ភៈ ពពួកសត្វក្រៀលតែងចាប់ផ្តើមធ្វើបន្លាស់ទីទៅកាន់កន្លែងថ្មីដើម្បីសម្ងំពងកូនហើយ។ លោកនាយកបានបន្តថា រដូវកាលឆ្នាំនេះ សត្វក្រៀលចាប់ផ្តើមចុះនៅបឹងអន្លង់ព្រីងនាដើមខែធ្នូ ឆ្នាំ២០២៤ ហើយមកដល់ចុងសប្តាហ៍ទី៤ ខែមីនា ឆ្នាំ២០២៥ សត្វក្រៀលប្រមាណប្រហែល ៩០ភាគរយ គឺ៦៩ក្បាលក្នុងចំណោម ៧៧ក្បាល ដែលមានវត្តមានកាលពីដើមខែកំពុងរកចំណី និងស្នាក់នៅបឹងធម្មជាតិអន្លង់ព្រីងបន្តទៀត ពោលគឺទើបតែចាកចេញ ៨ក្បាលប៉ុណ្ណោះ។ ជាធម្មតា បណ្តាឆ្នាំកន្លងទៅត្រឹមដើមខែមីនា ពពួកសត្វក្រៀលបានចាកចេញអស់ពីបឹងអន្លង់ព្រីង ដោយនាំគ្នាឆ្ពោះទៅកាន់ខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

ជាមួយគ្នានេះដែរ លោក ម៉ម រិន ប្រធានសហគមន៍ការពារតំបន់អន្លង់ព្រីងបានបញ្ជាក់ថា តាមការកត់សម្គាល់ ឈរលើកត្តា២ដែលឆ្នាំនេះសត្វក្រៀលមកស្នាក់នៅក្នុងតំបន់បឹងអន្លង់ព្រីងមានរយៈពេលវែងនោះ គឺទី១.កត្តាធម្មជាតិ គឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ រដូវកាលភ្លៀងធ្លាក់បានបញ្ចប់ ព្រោះកាលណារាំងភ្លៀង ហើយទឹកស្រកជិតអស់ពីផ្ទៃបឹងនោះ សត្វក្រៀលនិងចាប់ផ្តើមចុះមករកចំណី និងស្នាក់នៅតំបន់នេះហើយ។ និងទី២.ការអនុវត្តកម្មវិធី “ស្រែមិត្តក្រៀល” គឺអង្គការដៃគូបានជួលដីនៅជុំវិញក្បែរបរិវេណបឹង ផ្តល់ជី និងពូជឱ្យកសិករធ្វើស្រូវដោយតម្រូវឱ្យទុកមួយផ្នែកក្នុងស្រែសម្រាប់ជាចំណីសត្វក្រៀល។ លោកប្រធានសហគមន៍បានបន្តថា មកទល់ពេលនេះ មានបងប្អូនប្រជាកសិករជាង ២០០គ្រួសារបានចូលរួមក្នុងកម្មវិធី “ស្រែមិត្តក្រៀល”។ បន្ថែមលើនេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏កាន់តែយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការអភិរក្សសត្វកម្រ តាមរយៈការចុះផ្សព្វផ្សាយរបស់មន្ត្រីជំនាញពាក់ព័ន្ធដើម្បីបញ្ចៀសការចាប់ ឬសម្លាប់សត្វគ្រប់រូបភាព។ ទាំងនេះជាចលករដែលធ្វើឱ្យពពួកសត្វក្រៀល និងសត្វស្លាបដទៃទៀតអាចស្នាក់នៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងប្រកបដោយភាពកក់ក្តៅ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត















Post a Comment

0 Comments