ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តកំពត កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ដើម្បីបង្កើនប្រសិទ្ធភាពការងារជូនដល់ពលរដ្ឋអ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ បានធ្វើកំណែទម្រង់ប្រព័ន្ធពន្ធដា ការកែទម្រង់ផ្នែកបច្ចេកវិទ្យាព័ត៍មាន ការធ្វើទំនើបកម្មនៃប្រព័ន្ធពន្ធដារ និងហេដ្ឋារចនាសម្ព័ន្ធអគារឱ្យទំនើប និងងាយស្រួលផងដែរ។ សេវាពន្ធដារត្រូវបានដាក់ឱ្យដំណើរការស្ទើរ១០០% តាមប្រព័ន្ធអេឡិចត្រូនិច ខណៈនៅដើមឆ្នាំ២០២៤ ក្រសួងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ (E-Administration) មានន័យថា អ្នកជាប់ពន្ធអាចដាក់ឯកសារពាក់ព័ន្ធនឹងពន្ធដារតាមប្រព័ន្ធអេឡិចត្រូនិចទាំងអស់ ដោយពុំចាំបាច់ផ្ញើលិខិត ឬឯកសារជាក្រដាសមកទេ។ ហើយមកដល់បច្ចុប្បន្ន អ្នកជាប់ពន្ធ៩៥% បានបង់ពន្ធតាមប្រព័ន្ធអេឡិចត្រូនិច។
ឯកឧត្តមបានបន្តថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន មានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យកសិកម្ម ឧស្សាហកម្ម ពិសេសវិស័យទេសចរណ៍។ ហើយប្រសិនបើសេដ្ឋកិច្ចកើនឡើង ចំណូលពន្ធដារ និងអាចនឹងឡើងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ការប្រមូលចំណូលលើវិស័យពន្ធដារមានការកើនឡើងច្រើន ខណៈដែលកាលពីមុន គយស្ថិតក្នុងលំដាប់ទី១ នៃចំណូលក្នុងស្រុក តែ ៥ឆ្នាំចុងក្រោយនេះ ចំណូលពន្ធដារមានទំហំធំជាងគេបំផុតនៅក្នុងស្រុក សម្រាប់ទ្រទ្រង់ការចំណាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាចំណាយរបស់ជាតិទាំងមូល។នៅក្នុងនោះដែរឯកឧត្តមរដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យប្រធាន និងមន្ត្រីសាខាពន្ធដារខេត្ត យកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ ដែលបានសម្រេចដោយរាជរដ្ឋាភិបាលឱ្យបានត្រឹមត្រូវ ជៀសវាងកុំឱ្យមានបញ្ហាដោយសារការអនុវត្តខុសគោលការណ៍ ព្រោះកន្លងទៅ នៅតាមបណ្តាខេត្តខ្លះបានជួបបញ្ហាលើពន្ធអចលនទ្រព្យ។ ដូច្នេះត្រូវមើលលិខិតបទដ្ឋាន ឱ្យបានច្បាស់លាស់ បើមិនច្បាស់សូមកុំទាន់ទទួលយកថវិកា ហើយត្រូវសុំគោលការណ៍ ចៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រោះពន្ធអចលនទ្រព្យវាប៉ះទៅលើប្រជាជន ខណៈដែលពន្ធអាជីវកម្ម ប៉ះទៅលើអ្នករកស៊ីទទួលទាន។ ដូច្នេះហើយបានទាមទាឱ្យពិនិត្យមើលគោលការណ៍ ដែលចេញដោយរាជរដ្ឋាភិបាល ប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ និងសេចក្តីណែនាំពីអគ្គនាយកដ្ឋានពន្ធដារ និងត្រូវមានសហការល្អ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ពិសេសឯកឧត្តមអភិបាលខេត្តដើម្បីសុំគោលការណែនាំក្នុងការអនុវត្ត៕
0 Comments