នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) បានសហការជាមួយក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គទូត ដៃគូរអភិវឌ្ឍន៍នានា អ្នកឧកញ៉ា លាង ពៅ នាយកប្រតិបត្តិក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន អ៊ិនស៊ី ស៊ីមេន ខបភើរេសិន តំណាងក្រុមហ៊ុននាំចូលបារី ម្ចាស់សិទ្ធិនាំចូលទំនិញមួយចំនួន មន្រ្តីគយ និងរដ្ឋាករ និងសាធារណៈជន ដែលពិធីនេះរៀបចំឡើងនៅទីតាំងក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេនខេត្តកំពត។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងថា ការរៀបចំពិធីកម្ទេចទំនិញល្មើសច្បាប់ និងទំនិញខូចគុណភាព គឺជាការអនុវត្តបន្តនូវលទ្ធផលនៃការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ និងការការពារសង្គម។ ការដុតបំផ្លាញទំនិញល្មើសច្បាប់ ទំនិញខូចគុណភាព និងទំនិញគ្រោះថ្នាក់ ដែលគរពូនក្នុងបរិមាណច្រើន ហើយពិធីនេះត្រូវបានធ្វើឡើងជាលើកទីមួយក្នុងទ្រង់ទ្រាយធំបែបនេះដែលមិនធ្លាប់មានពីមុនមក។ ឯកឧត្តមបានបន្តថា អគរ បានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគ្រប់គ្រងសារធាតុគ្រោះថ្នាក់នៃក្រសួងបរិស្ថាន ដោយយកសំណាកទំនិញមួយចំនួនមកធ្វើការវិភាគ ដើម្បីកំណត់វិធីសាស្ត្រកម្ទេចបំផ្លាញ ជាពិសេសទំនិញជាប្រភេទសារធាតុគីមីគ្រោះថ្នាក់ និងបានជ្រើសយក ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (ផ្នែកអេកូសាយខល) ដែលមានឡដុតបំពាក់នូវបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន និងសុវត្ថិភាពខ្ពស់ក្នុងការកម្ទេចទំនិញខាងលើ ដើម្បីធានាថាមិនមានផលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។ឯកឧត្តមបានបញ្ជាក់ថា ក្នុងចំណោមទំនិញដែល អគរ ទទួលបានគោលការណ៍ឯកភាពពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការកម្ទេចចោលនាពេលនេះមានចំនួន ១០៧មុខ និងមានទម្ងន់ប្រមាណ ៥០៧តោន រួមមានដូចខាងក្រោម៖១.ទំនិញល្មើសកម្មសិទ្ធិបញ្ញា ទម្ងន់ ២ ៣១៥គីឡូក្រាម ដែលត្រូវបានក្រុមហ៊ុនទទួលសិទ្ធិនាំចូលផ្តាច់មុខបញ្ជាក់ថារំលោភសិទ្ធិនាំចូលរបស់ខ្លួន និងជាទំនិញក្លែងក្លាយ និងបានប្រគល់ជូន អគរ ធ្វើការកម្ទេចចោល។ ២.ទំនិញល្មើសច្បាប់ ចំនួន ៤៨មុខ ទម្ងន់ ១៥១តោន រួមមានក្រដាសវេចខ្ចប់បារី កន្ទុយស្នោបារី និងបារីចម្រុះម៉ាកដែលពុំមានបិទតែមប្រិ៍ ពុំមានសារព្រមានសុខភាព និងពុំមានឯកសារនាំចូល និងប្រភពច្បាស់លាស់។ ហើយក្នុងនេះ ក៏មានបារីអេឡិចត្រូនិក ដែលជាប្រភេទទំនិញហាមឃាត់ ចំនួន ៣៥ ៩៤៣ដើម និងបារីចំម្រុះម៉ាកចំនួន ៥៨ ០៤១ ២០០ដើមផងដែរ។ ៣.ទំនិញខូចគុណភាព ចំនួន ៣៣មុខ ទម្ងន់ ៩៣តោន ជាប្រភេទគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលត្រូវបានបង្ក្រាប និងភាគច្រើនជាទំនិញដែលត្រូវបានរក្សាទុកក្នុងសន្និធិគយបណ្តោះអាសន្នហួសរយៈពេលសំចតដែលបានក្លាយជាទំនិញខូចគុណភាព។ ៤.សារធាតុគីមី និងសារធាតុគ្រោះថ្នាក់ ចំនួន ២៤មុខ ទម្ងន់ ២៦១តោន។
ឯកឧត្តមបណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីសមត្ថកិច្ចជំនាញពាក់ព័ន្ធដែលបានចូលរួមយ៉ាងសកម្ម ហើយថាលទ្ធផលទាំងនេះ គឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តការងារយ៉ាងសកម្មក្នុងការបង្ការបង្ក្រាប ទំនិញខូចគុណភាព ទំនិញល្មើសកម្មសិទ្ធិបញ្ញាដែលជាការចូលរួមចំណែកក្នុងការការពារអ្នកប្រើប្រាស់ ការពារប្រជាពលរដ្ឋ ការពារបរិស្ថាន និងការពារសង្គមជាតិ៕
0 Comments