Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុវជន ស.ស.យ.ក ធ្វើដំណើរទស្សនកិច្ចគោលដៅទេសចរណ៍៥កន្លែងដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តកំពត

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បានលើកឡើងថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង ការស្រលាញ់ទឹកដី ការអភិរក្សធនធានធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងខេត្តកំពតឱ្យបានកាន់តែទូលំទូលាយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍៥កន្លែងដែលកំពុងពេញនិយមក្នុងខេត្ត ដើម្បីផ្សព្វផ្សាយ និងទាក់ទាញទេសចរជាតិ អន្តរជាតិ។

ឯកឧត្ដម មឿង គង្គា អភិបាលរងខេត្តកំពត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត  បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់ខេត្ត ដែលបាននិងកំពុងមានការចាប់រម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្រោមប្រធានបទ៖ យុវជន និងទេសចរណ៍ “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” ។ ឯកឧត្តមបញ្ជាក់ថា ដំណើទស្សនកិច្ចពេញមួយថ្ងៃនេះ គឺត្រូវបានធ្វើឡើងនៅ៥កន្លែងផ្សេងៗគ្នា ក្នុងនោះរួមមាន៖ ចំការម្រេច, ចំការបន្លែកូនសត្វ, ភ្នំក្បាលរមាស, ភ្នំកំពង់ត្រាច និងសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ហើយទស្សនកិច្ចនេះបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។

យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត មកពីបណ្តាក្រុង-ស្រុក នៃខេត្តកំពត បានបង្ហាញពីចំណាប់អារម្មណ៍ និងភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការចូលរួមយុទ្ធនាការផ្សព្វផ្សាយសក្តានុពលតំបន់ទេសចរណ៍ទាំង៥កន្លែងរបស់ខេត្តកំពត ក្នុងន័យដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងមកទស្សនាតាមរយៈការថតរូបភាព ហើយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមផ្សេងៗរបស់ពួកគេ។

ប្រធាន និងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត  បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការចូលរួមក្នុងយុទ្ធនាការ “ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់” និងយុទ្ធនាការ “ទាំងអស់គ្នាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” តាមរយៈការជួយថតបង្ហោះពីតំបន់ដែលមានសក្តានុពលលើវិស័យទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យមកលេងខេត្តកំពតកាន់តែច្រើន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments