អភិបាលក្រុងកំពតបានបញ្ជាក់ថា សួនបាញ់ទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌នៅខេត្តកំពត ដែលពលរដ្ឋ និងភ្ញៀវទេសចរកំពង់ទន្ទឹងរង់ចាំទស្សនា បានលេចចេញរូបរាងបាន៦០% ហើយ ខណៈដែលការជួសជុល និងអ៊ុតកៅស៊ូដើម្បីលើកគុណភាពផ្លូវសំខាន់ៗ១០ខ្សែ សម្រេចបានជាង៧០%។
អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្ត ឯកឧត្តមបានគិតគូរជានិច្ចចំពោះការអភិវឌ្ឍក្នុងខេត្ត ជាពិសេសក្នុងភូមិសាស្ត្រក្រុងកំពត ហើយសមិទ្ធផលទេសចរណ៍ថ្មីៗជាច្រើនបានលេចចេញជារូបរាងជាបន្តបន្ទាប់ បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់។ លោកអភិបាលក្រុងបានបន្តថា ទន្ទឹមនឹងមានឆ្នេរស្អាតៗជាច្រើនកន្លែងនៅតាមដងព្រែក រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាខ្នាតធំ សមិទ្ធផលថ្មីមួយទៀត គឺសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអបដោយភ្លៀងពណ៌ត្រូវបានរៀបចំឡើងបន្ថែមពីលើសមិទ្ធផលដែលមានស្រាប់ ហើយការដំឡើងនេះគឺសម្រេចបានរង្វង់ ៦០%។អ្នកជំនាញមកពីប្រទេសចិនបានបញ្ជាក់ដែរថា ការដំឡើងសួនបាញ់ទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌នេះ គឺរៀបចំជា៣ដំណាក់កាល ដែលដំណាក់កាលទី១គឺការផ្គុំឧបករណ៍, ដំណាក់កាលទី២គឺការរៀបចំប្រព័ន្ធបាញ់ទឹកនិងភ្លើងពណ៌, និងដំណាក់កាលទី៣គឺការរៀបចំភ្លើងពណ៌ និងម៉ូទ័របាញ់ទឹកដែលមានរូបរាងជាផ្ការំដួលចំនួន៣ និងដាក់ចូលក្នុងទឹកដើម្បីសាកល្បង ដែលបច្ចុប្បន្នការដំឡើងនេះស្ថិតនៅក្នុងដំណាក់កាលទី២ តាមការរំពឹងទុកនៅចុងខែមីនាខាងមុខការដំឡើងអាចរួចរាល់។
ទន្ទឹមនឹងសមិទ្ធផលសួនបាញ់ទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌ រដ្ឋបាលខេត្តកំពតក៏បានរៀបចំកែលម្អជួសជុលនិងអ៊ុតកៅស៊ូដើម្បីលើកគុណភាពផ្លូវតាមបណ្តោយមាត់ព្រែក និងផ្លូវកាត់ទន្ទឹងផ្លូវមាត់ព្រែកចំនួន ១០ខ្សែផងដែរ។ ហើយបើតាមការវញ្ជាក់របស់អភិបាលក្រុងកំពត គិតមកដល់ថ្ងៃនេះសម្រេចបានរង្វង់ ៧០%ដែរហើយ។ លោកអភិបាលក្រុងបានថ្លែងអំណរគុណដល់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលលោកតែងតែលះបង់កម្លាំងកាយចិត្ត ដើម្បីគិតគូរអំពីសុខទុក្ខ និងសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅទូទាំងខេត្ត តាមតាមរយៈការផ្ដួចផ្ដើមគំនិតស្ថាបនានូវសមិទ្ធផលមានសក្តានុពលនានាជាច្រើនក្នុងខេត្ត ដើម្បីទាក់ទាញទេសចរ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments