Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សួនទឹករាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌ចាប់ផ្តើមដំឡើងនៅថ្ងៃនេះ ហើយការដំឡើងនេះនិងបញ្ចប់មុនឱកាសនៃពិធីបុណ្យចូលខ្មែរ

រដ្ឋបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ បានធ្វើពិធីបួងសួងសុំសេចក្តីសុខនៅបរិវេណសួនច្បារឆ្នេរព្រែកកំពង់បាយ ដើម្បីចាប់ផ្តើមដំណើរការដំឡើងឧបករណ៍ទឹករាំតាមបទភ្លេងអមដោយភ្លើងចម្រុះពណ៌ ដែលជាសមិទ្ធផលទេសចរថ្មីដែលកំពុងមានការចាប់អារម្មណ៍ និងទន្ទឹងរង់ចាំមើលពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ នេះជាសមិទ្ធផលថ្មីបន្ថែមលើផលិតផលទេសចរណ៍កំពុងមានស្រាប់ដែលនឹងកើតឡើងនៅកណ្តាលព្រែកកំពង់បាយ ក្រុងកំពត ត្រង់ចំណុចមុខសាលាខេត្ត និងនាឡិកាខ្នាតធំ។

តាមការឱ្យដឹងពីមន្ត្រីជំនាញបានឱ្យដឹងថា រដ្ឋបាលខេត្តចាប់ផ្តើមដំណើរការដំឡើងឧបករណ៍ទឹករាំតាមបទភ្លេងអមដោយភ្លើងពណ៌នៅមុខសាលាខេត្តកំពតហើយនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយនៅព្រឹកនេះដែរក៏មានការធ្វើពិធីបួងសួងបន់ស្រន់ដល់បារមីលោកយាយម៉ៅ លោកតាម្ចាស់ទឹកម្ចាស់ដីដើម្បីសុំសេចក្តីសុខក្នុងការដំឡើង ដោយមានការចូលរួមពីសំណាក់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តផងដែរ។ មន្ត្រីជំនាញបានបន្តថា ការដំឡើងសួនទឹករាំតាមបទភ្លេងអមដោយភ្លើងពណ៌នេះគ្រោងនឹងបញ្ចប់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តកំពត។

ជាមួយសមិទ្ធផលថ្មីបន្ថែមលើផលិតផលទេសចរណ៍កំពុងមានស្រាប់ បានធ្វើឱ្យគ្រប់មជ្ឈដ្ឋានមានក្តីរំភើបរីករាយ ស្របពេលដែលរដ្ឋបាលខេត្តកំពតអភិវឌ្ឍឥតឈប់ឈរលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តំបន់ទេសចរណ៍ សមិទ្ធផលទេសចរណ៍ ក្នុងន័យដើម្បីធ្វើជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ កិច្ចខិតខំអភិវឌ្ឍរបស់អាជ្ញាធរខេត្តកំពតដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឱ្យចូលមកកម្សាន្តក្នុងខេត្តកំពតកន្លងមកមានដូចជា៖ បង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អសោភ័ណភាព កិច្ចពង្រឹងអនាម័យបរិស្ថានក្នុងក្រុង ការស្ថាបនាសួនច្បារសាធារណៈ ការសង់រូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការបង្កើតនាឡិកាខ្នាតធំ ការបង្កើតឆ្នេរខ្សាច់កម្សាន្តជាដើម។ កន្លងមក ទោះមិនទាន់មានការបញ្ជាក់អំពីទីតាំងក្តី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្លាប់មាប្រសាសន៍ថា នៅចំពោះមុខ រដ្ឋបាលខេត្តកំពតមានគម្រោងសង់ស្ពាន១ខ្សែឆ្លងកាត់ព្រែកកំពង់បាយដ៏ទាក់ទាញមួយបន្ថែមទៀត ដោយយកតាមរចនាបថខ្មែរបំពាក់ដោយថាមពលបំប្លែងពីកង្ហារខ្នាតធំចំនួន២ផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
















Post a Comment

0 Comments