ដើម្បីបង្កើនការងារ ក៏ដូចជាលើកកម្ពស់ និងផ្តល់តម្លៃសម្រាប់ស្ត្រី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានជំរុញនិងលើកទឹកចិត្តឱ្យម្ចាស់ចំការបន្លែនានាក្នុងស្រុកទឹកឈូ ផ្តល់ការងារជូនស្ត្រីអោយបានច្រើន។ ប្រធានសមាគមនារីខេត្តកំពតក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនជាស្ត្រី ឱ្យមានការចូលរួមធ្វើការងារក្នុងវិស័យកសិកម្មឱ្យបានច្រើនផងដែរ។
លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានធ្វើការជំរុញឱ្យម្ចាស់កសិដ្ឋានដាំបន្លែនានាក្នុងស្រុកទឹកឈូ មានការជ្រើសរើសយកកម្មករជាស្ត្រីឱ្យបានច្រើន ដើម្បីលើកកម្ពស់តម្លៃស្ត្រី បង្កើនការងារ ក៏ដូចជាចំណេះដឹងផ្សេងៗផ្នែកកសិកម្មជូនពួកគាត់ ពិសេសបានចំណូលផ្តត់ផ្គង់គ្រួសារ។ លើកឡើងដូចនេះនៅក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករជាស្ត្រី និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើការក្នុងចំការបន្លែវិលជុំរបស់លោក ស្រ៊ន សារឿន ស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥។មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវប្រធានកិត្តិយសសាខាសមាគម ក៏បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករជាស្ត្រីនៅក្នុងកសិដ្ឋានដាំបន្លែនេះ។ លោកជំទាវបានបន្តថា ក្រោយពីបានចុះពិនិត្យផ្ទាល់ក្នុងចំការបន្លែសង្កេតឃើញថា មានបងប្អូនជាស្ត្រីភាគច្រើនបានធ្វើការនៅក្នុងចំការ ដែលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់លោក ស្រ៊ន សារឿន ដែលជាម្ចាស់ចំការបន្លែក្នុងការលើកកម្ពស់តម្លៃស្ត្រី បង្កើតការងារ ពិសេសបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាផ្តល់នូវប្រាក់ចំណូលសម្រាប់បងប្អូនជាស្ត្រីដើម្បីផ្គត់ផ្គង់គ្រួសារ ថែមទាំងធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់កាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគម ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនដែលជាស្ត្រីទាំងអស់ឱ្យចូលរួមធ្វើការងារក្នុងវិស័យកសិកម្ម ក៏ដូចជារៀនសូត្រអំពីបច្ចេកទេសដាំដុះផ្សេងៗឱ្យបានច្រើន ដើម្បីទៅថ្ងៃខាងមុខមានបច្ចេកទេសក្នុងការធ្វើកសិកម្មដាំដុះបន្លែនៅតាមផ្ទះដោយទទួលបានផលល្អ និងទទួលបានជោគជ័យ។ ទន្ទឹមនឹងនោះដែរ លោកជំទាវប្រធានកិត្តិយសសាខាសមាគម ក៏បានជំរុញឱ្យម្ចាស់ចំការបន្តស្វែករកទីផ្សារឱ្យបានច្រើននៅទូទាំងប្រទេស ពិសេសបង្កើតទីផ្សារតាមរយៈ Online ដែលជាទីផ្សារទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដើម្បីធ្វើការលក់ដូរបន្លែកាន់តែមានសន្ទុះជាងមុន។
តាមការឱ្យដឹងពីលោក ស្រ៊ន សារឿន ម្ចាស់ចំការបន្លែវិលជុំបានឱ្យដឹងថា លោកបានចាប់យករបរដាំបន្លែអស់រយៈពេល ១៩ឆ្នាំមកហើយ ចម្ការបន្លែវិលជុំរបស់លោកគឺធ្វើនៅលើផ្ទៃដីប្រមាណជាង ៦ហិកតា ដោយមានបន្លែដូចជា បន្លែខាត់ណា ស្ពៃក្តោប ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ស្ពៃសៃឈីម ស្ពៃតឿ ស្ពៃជ្រក់ និងបន្លែផ្សេងៗទៀតជាច្រើន។ លោកបានបន្តថា បច្ចុប្បន្ននេះបន្លែរបស់បានលក់នៅលើទីផ្សារក្នុងខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ កោះកុង កែប តាកែវ ពិសេសរាជធានីភ្នំពេញ។ លោកបានបន្ថែមថា ក្នុងចំការបន្លែរបស់លោកមានកម្មករចំនួន ១៧នាក់ ក្នុងនោះស្ត្រីមានចំនួន ១៣នាក់ ហើយចំពោះកម្មករទាំងអស់ក៏ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការដាំបន្លែផងដែរ ដើម្បីទៅថ្ងៃមុខពួកគាត់អាចយកបច្ចេកទេសនៃការដាំបន្លែពីចំការរបស់លោក ទៅធ្វើការដាំដុះនៅផ្ទះរបស់ពួកគាត់បាន៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments