អភិបាលខេត្តកំពតបានបញ្ជាក់ថា នៅឆ្នាំ២០២៤កន្លងមកនេះ ទន្ទឹមនឹងការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ និងមានជីវភាពធូរធារ រដ្ឋបាលខេត្តកំពតក៏បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនទៀត។ ហើយនៅឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តនឹងបន្តខិតខំធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត ដោយមានការណែនាំសម្របសម្រួល តម្រង់ទិស ពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការចូលរួមសហការពីបណ្តាមន្ទីរ-អង្គភាព និងស្ថាប័នជុំវិញខេត្ត បានធ្វើឱ្យខេត្តសម្រេចបាននូវសមិទ្ធផលល្អគួរឱ្យកក់សំគាល់នាឆ្នាំ២០២៤កន្លងមក។ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តក៏នៅតែមានចំណុចត្រូវកែលម្អឱ្យស្របទៅតាមសម័យកាល និងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ ហេតុដូច្នេះហើយទោះសន្និបាទត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បីត្រួតពិនិត្យឡើងវិញនូវបណ្តាសមិទ្ធផលដែលសម្រេចបាន និងស្វែងរកបញ្ហាប្រឈមនានា ដែលបានអនុវត្តរយៈពេល ១២ខែកន្លងមក ក្នុងក្របខ័ណ្ឌសមត្ថកិច្ចការងារជាប្រតិបត្តិកររដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ជំនាញ វិស័យពាក់ព័ន្ធនៅក្នុងខេត្ត ហើយក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល ព្រមទាំងកំណត់ទិសដៅការងារបន្ត ស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា សំដៅកែលម្អនូវចំណុចខ្វះខាត និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច កាតព្វកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនឱ្យកាន់តែល្អប្រសើរថែមទៀត៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments