ប្រតិបត្តិករទេសចរណ៍ ពិសេសអ្នកផ្តល់សេវាស្នាក់នៅបានបញ្ជាក់ថា កន្លែងរបស់ខ្លួនទទួលបានការកក់បន្ទប់ជាបន្តបន្ទាប់ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយ:ពេល៣ថ្ងៃ ខណៈដែលមន្ត្រីជំនាញរំពឹងថាភ្ញៀវទេសចរនឹងមកលេងកម្សាន្តក្នុងខេត្តកំពតច្រើន។
បុគ្គលិក ម៉ូលីរីស៊ត ដែលមានទីតាំងក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បានឱ្យដឹងថា ដោយសារពលរដ្ឋកម្ពុជា មានសិទ្ធិពេញលេញផ្នែកជំនឿសាសនា ម្យ៉ាងពលរដ្ឋជាច្រើនជាអ្នកជាប់សែស្រឡាយជនជាតិចិនផងនោះ ម៉ូលីរីស៊ត បានរៀបចំតុបតែងលម្អដើម្បីអបអរសាទរ និងទទួលភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ បុគ្គលិកដដែលបានបញ្ជាក់ថា សម្រាប់តម្លៃបន្ទប់គឺមិនមានការឡើងថ្លៃនោះទេ ផ្ទុយទៅវិញនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ម៉ូលីរីសត ក៏មានការបញ្ចុះតម្លៃ ៣០%ផងដែរ ហើយមកដល់ពេលនេះ រីស៊តរបស់លោកបានទទួលការកក់បន្ទប់បណ្តើរៗហើយ ដែលស្ទើតែពេញទាំងអស់។ចំណែកបុគ្គលិករមណីយដ្ឋាន ដូងទេរ បានរៀបរាប់ឱ្យដឹងដែរថា ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវ ពិសេសបងប្អូនជាប់សែស្រឡាយជនជាតិចិន ដែលនឹងមកលេងក្នុងខេត្តកំពតនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ រមណីយដ្ឋាន ដូងទេរ ក៏បានរៀបចំលម្អកន្លែងតាមលក្ខណ:ប្រពៃណីជនជាតិចិន និងមានបង្កើតកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផងដែរ ព្រមទាំងបានរៀបចំពង្រីកទីតាំងរបស់ខ្លួនឱ្យកាន់តែធំទូលាយ និងមានសេវាកម្មកម្សាន្តច្រើនជាងមុន។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈកិច្ចការងារអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្លែកៗ និងជំរុញលើកទឹកចិត្តឱ្យបង្កើតកម្មវិធីកម្សាន្តសប្បាយផ្សេងៗផងនោះ បានធ្វើឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព។ លោកប្រធានមន្ទីររំពឹងថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនឆ្នាំនេះ ភ្ញៀវនឹងមកលេងខេត្តកំពតកាន់តែច្រើន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments