Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្ងៃដំបូងនៃពិធីចូលឆ្នាំចិនខេត្តកំពតទទួលភ្ញៀវទេសចរមកសម្រាកកម្សាន្តជាង ២ម៉ឺននាក់

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ជាថ្ងៃដើរលេងដំបូងនៃពិធីបុណ្យចូលឆ្នាំចិន ភ្ញៀវចូលមកសម្រាកលម្ហែកម្សាន្តនៅខេត្តកំពតប្រមាណជាង ២ម៉ឺន ៤ពាន់នាក់ ខណៈសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរ ចរចារណ៍ពុំសូវមានការកកស្ទះ។ ចំណែករមណីយដ្ឋានដែលភ្ញៀវជាប់សែស្រឡាយចិនចូលចិត្តទៅលេង និងទៅកម្សាន្តច្រើនជាងគេគឺ រមណីយដ្ឋានឧទ្យាជាតិព្រះមុនីវង្សបូកគោ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលជាថ្ងៃដើរលេងដំបូងសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ខេត្តកំពតទទួលភ្ញៀវទេសចរបានចំនួន ២៤.៣៥៩នាក់។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២៣.៩០៨នាក់ និងភ្ញៀវទេសចរបរទេសមានចំនួន ៤៥១នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់ថា បងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិនច្រើនលើសលប់ បាននាំគ្នាឡើងទៅលេងនៅលើភ្នំបូកគោ ដែលជាគោលដៅអុជធូបបន់ស្រន់ចំពោះមុខរូបសំណាកលោកយាយម៉ៅ និងព្រះអង្គវត្តសំពៅប្រាំដោយមិនអាចខកខានបាន។ និយាយរួម ឧទ្យានជាតិព្រះមុនីវង្សបូកគោ ជាគោលដោទេសចរណ៍ដ៏ទាក់ទាញ និងសំខាន់សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន។

លោកប្រធានមន្ទីរបានបន្តថា ស្ថានភាពនៅតាមតំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្ត មានភាពល្អប្រសើរ ពុំមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ពិសេសសេវាស្នាក់នៅ និងម្ហូបអាហារមិនមានការដំឡើងថ្លៃហួសហេតុនោះឡើយ។

ចំណែកឯស្ថានភាពចរាចរណ៍នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន សម្រាប់ថ្ងៃទី១ នៃការដើរលេងរបស់ភ្ញៀវទេសចរ ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាប់សែស្រឡាចិនមកកាន់ខេត្តកំពត មិនមានការកកស្ទះនោះឡើយ ដោយស្នងការដ្ឋាននគរបាលខេត្តកំពត បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍តាមគោលដៅសំខាន់ៗ និងធ្វើការបញ្ជៀសចរាចរណ៍កុំឱ្យមានការកកស្ទះនៅចំណុចស្ពានថ្មថ្មី (ស្ពានកំពង់បាយ)។ រីឯការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក៏មានភាពល្អប្រសើរ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត























Post a Comment

0 Comments