Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សត្វក្រៀលជិត៧០ក្បាលបានបង្ហាញខ្លួននៅតំបន់ការពារទេសភាពអន្លង់ព្រីង

មន្ត្រីជំនាញបានបញ្ជាក់ថា នៅដើមរដូវនៃវត្តមានសត្វក្រៀលចុះមករកចំណី និងស្នាក់នៅក្នុងដែនអភិរក្សតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពតឆ្នាំ២០២៥នេះ គេឃើញមានវត្តមានសត្វក្រៀលដែលជាប្រភេទសត្វកម្រ ប្រមាណជិត ៧០ក្បាលហើយ បានធ្វើដំណើរមកដល់ ក្នុងនោះមានវ័យជំទង់ចំនួន ៩ក្បាលផង។

មន្ត្រីនៃមន្ទីបរិស្ថានខេត្តកំពតទទួលបន្ទុកគ្រប់គ្រងតំបន់ការពារទេសភាពអន្លង់ព្រីង  លោក ឈឹម ម៉េង បានប្រាប់ឱ្យដឹងថា បន្ទាប់ពីមានសត្វក្រៀល២ ឬ៣ក្បាលបានមកចុះមើលស្ថានការណ៍ រួចត្រឡប់ទៅវិញកាលពីចុងខែធ្នូ មកដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ វត្តមានសត្វក្រៀលនៅបឹងអន្លង់ព្រីងមានចំនួន ៦៧ក្បាល ក្នុងនោះវ័យជំទង់ចំនួន ៩ក្បាលផង។ មន្ត្រីជំនាញបានបន្ថែមថា ពេលនេះជាដើមរដូវ នៃវដ្តធ្វើដំណើរសត្វក្រៀលក្នុងការរកចំណី និងស្នាក់នៅក្នុងដែនអភិរក្សបឹងអន្លង់ព្រីង។ ផ្អែកតាមចំនួននេះ លោកសង្ឃឹមថាក្នុងឆ្នាំ២០២៥ បរិមាណសត្វក្រៀលនៅបឹងអន្លង់ព្រីង អាចមានការកើនឡើងជាងឆ្នាំកន្លងទៅ ព្រោះកាលពីខែមករា ឆ្នាំ២០២៤ សត្វក្រៀលបានធ្វើដំណើរមកដល់ដំបូងមានត្រឹមតែ ២៧ក្បាលប៉ុណ្ណោះ។ ហើយភាពអំណោយផលចំពោះសត្វក្រៀលនៅតំបន់អន្លង់ព្រីងនាពេលបច្ចុប្បន្នគឺនៅបរិវេណជុំវិញ ក្រុមការងារបានបង្កើនចំណីតាមរយ:ការព្រោះស្រូវដែលហៅថា “ស្រែមិត្តក្រៀល” ទុកជាចំណីសម្រាប់ពួកវា។

សូមបញ្ជាក់ថា តំបន់អភិរក្សសត្វក្រៀលបឹងធម្មជាតិអន្លង់ព្រីងមានទីតាំងស្ថិតក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ ដើម្បីបានដល់រមណីយដ្ឋានធម្មជាតិមួយនេះ ភ្ញៀវអាចធ្វើដំណើរចេញពីទីប្រជុំជនស្រុកកំពង់ត្រាច ឆ្ពោះទៅទិសខាងត្បូងប្រមាណជាង ១១គីឡូម៉ែត្រ។ បឹងអន្លង់ព្រីងជាទីកន្លែងដ៏សំខាន់មួយសម្រាប់សត្វក្រៀលឆ្លងកាត់ និងស្នាក់នៅដើម្បីរកចំណីពេញមួយរដូវ បន្ទាប់ពីតំបន់អភិរក្សបឹងព្រែកល្ពៅខេត្តតាកែវ ហើយហ្វូងសត្វក្រៀលនឹងធ្វើដំណើរចាកចេញពីអន្លង់ព្រីងទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តទៅពួនសម្ងំក្នុងខេត្តព្រះវិហារដើម្បីពងកូន។ ក្រៀលជាប្រភេទសត្វដែលត្រូវបានកត់ត្រាក្នុងសៀវភៅក្រហមពិភពលោកថាជាសត្វកម្រ និងជិតផុតពូជពីភពផែនដី៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments