នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភា រៀបចំវេទិកាស្តីពី "ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល" នៅរីសត Castle Bayview Resort & Spa ខេត្តកំពត ដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់ស្ត្រីទាំងវិស័យរដ្ឋ និងឯកជន។ ដើម្បីជាការរួមចំណែក ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានណែនាំគន្លិះសំខាន់ៗមួយចំនួនក្នុងភាពជាអ្នកដឹកនាំ និងបានលើកទឹកចិត្តឲ្យស្ត្រី ខិតខំរៀនសូត្របន្តពេញមួយជីវិត។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភាបានមានប្រសាសន៍ថា កម្ពុជាក្រោមការដឹកនាំរបស់ម្តេចតោជោ បន្តដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជានាពេលបច្ចុប្បន្ន សម្តេចតែងតែលើកទឹកចិត្ត និងផ្តល់សិទ្ធិអាទិភាពដល់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំ ទាំងនៅក្នុងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រោះស្ត្រីជាឆ្អឹងខ្នងមិនអាចខ្វះបាន នៅក្នុងការងារអភិវឌ្ឍន៍សង្គមជាតិ ។ ហើយដើម្បីចូលរួមចំណែកក្នុងការសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ពិសេសលើកកម្ពស់សមត្ថភាពស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ឯកឧត្តមអនុប្រធានទី២បានបង្ហាញគន្លិះសំខាន់ៗមួយចំនួន ដែលថ្នាក់ដឹកនាំត្រូវធ្វើ។លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាបប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានមានប្រសាសន៍បញ្ជាក់ថា វេទិកាស្តីពី "ពង្រឹងសមត្ថភាពដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងសហគ្រិនជាស្ត្រី រួមទាំង វិស័យឌីជីថល" ភូមិភាគទី៥ មានគោលបំណង ជួយពង្រឹងសមត្ថភាពដឹកនាំ ការគាំទ្រ និងជំរុញកិច្ចសហការ ការប្រាស្រ័យទាក់ទងឱ្យកាន់តែមានភាពជិតស្និទ្ធរវាងក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី និងសហគ្រិនស្រ្តី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រកបមុខរបរអាជីវកម្ម ការគ្រប់គ្រង ចំណូល-ចំណាយ ការភ្ជាប់បណ្តាញអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ព្រមទាំងការយល់ដឹងពីប្រព័ន្ធ បច្ចេកវិទ្យាឌីជីថល។ សមាសភាពចូលរួមសរុប ចំនួន ៣១៧នាក់ ក្នុងនោះមាន ក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី ភូមិភាគទី៥ (ខេត្តកំពត តាកែវ និងខេត្តកែប) ចំនួន១៤៩នាក់ (ប្រមាណ ៦០ភាគរយ នៃចំនួនសមាជិក សរុបក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី) និងសហគ្រិនស្ត្រី ចំនួន ១០០នាក់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments