Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតប្តេជ្ញាអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាពឱ្យមានប្រសិទ្ធភាពខ្ពស់

ការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព”  របស់រាជរដ្ឋាភិបាល នឹងចាប់ផ្តើមនៅថ្ងៃទី១ខែកុម្ភៈតទៅ ហើយមានរយៈពេលសរុប ៥១ថ្ងៃនៅថ្នាក់ខេត្ត។ ដើម្បីដំណើរការឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ប្រសិទ្ធផល ឯកឧត្តមអភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរឃុំ-សង្កាត់ សូមយកចិត្តទុកដាក់ផ្សព្វផ្សាយ និងធ្វើការវិនិច្ឆ័យកុំឱ្យលម្អៀង ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរថា គោលនយោបាយនេះនឹងជួយពលរដ្ឋក្រីក្រឱ្យមានជីវភាពប្រសើរ។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមអនុវត្ត កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព”  នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៥ នៅសាលសន្និសីទ បូកគោ សាលាខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់គណកម្មការចំពោះកិច្ច នៅតាមមូលដ្ឋានឃុំ-សង្កាត់ សូមយកចិត្តទុកដាក់ក្នុងផ្សព្វផ្សាយកម្មវិធី “ផ្តល់ដី ការពារព្រៃ  ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ និងបានដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានកុំឱ្យមានចន្លោះ។ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ  ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល បានទាន់ពេលវេលា ហើយការងារដែលចាំបាច់បំផុតនោះគឺត្រូវធ្វើការវិនិច្ឆ័យកុំឱ្យលម្អៀង។

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក ព្រាប សុផាត បានបញ្ចាក់ថា ការអនុវត្តកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” នឹងចាប់ផ្តើមធ្វើការផ្សព្វផ្សាយ និងទទួលពាក់ចពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះទៅ ដោយដំណើរការនិតិវិធីត្រូវប្រើរយៈពេលសរុបចំនួន ៥១ថ្ងៃ សម្រាប់នៅថ្នាក់ក្រោមជាតិ ហើយអាជ្ញាធរមូលដ្ឋានឃុំ-សង្គាត់ ដែលស្ថិនៅក្នុងគណៈកម្មការចំពោះកិច្ចគឺជាតួអង្គសំខាន់បំផុតក្នុងកិច្ចការងារនេះ។

អាជ្ញាធរស្រុក និងអាជ្ញាធរឃុំ-សង្កាត់នៅក្នុងខេត្តកំពត បានបង្ហាញសេចក្តីត្រេកអរ និងចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីចូលរួមអភិវឌ្ឍប្រកបដោយចីរភាព” ដែលជាកម្មវិធីថ្មីមួយសម្រាប់ជួយពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន ព្រោះពួកគាត់រំពឹងថា ពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាន និងមានដី មានមុខរបរ និងជីវភាពរស់នៅប្រសើរជាងមុន។

អាជ្ញាធរ និងមន្ត្រីជំនាញក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋ ដែលមានសញ្ជាតិខ្មែរពីកំណើត ហើយពុំដីរស់នៅពិតប្រាកដ ក្រីក្រពិតប្រាកដ និងមានឆន្ទៈចង់ទៅរស់នៅកន្លែងថ្មីដែលរដ្ឋផ្តល់ជូន សូមប្រញាប់ទៅសាកសួរព័ត៌មានបន្ថែមនៅតាមឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅដើម្បីដាក់ពាក្យស្នើសុំដីឱ្យបានទាន់ពេលវេលា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments