Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះគ្រឿងសមុទ្រធម្មជាតិនៅខេត្តកំពតមិនមានការដំឡើងថ្លៃទេនោះទេ

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន ប្រជានេសាទខេត្តកំពតចេញទៅប្រកបរបរនេសាទជាធម្មតា ដើម្បីប្រមូលផលគ្រឿងសមុទ្រធម្មជាតិស្រស់ៗមកបំពេញតាមតម្រូវការជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងខេត្តកំពត។ ខណៈដែលអាជីវករលក់គ្រឿងសមុទ្របញ្ជាក់ថា ទោះបីថ្ងៃបុណ្យទានណាក៏ដោយ គ្រឿងសមុទ្រមិនមានការដំឡើងថ្លៃនោះទេ ក្នុងករណីគ្រឿងសមុទ្រមានតិច គេអាចឡើងថ្លៃបន្តិចបន្តួចដើម្បីឱ្យរួចថ្លៃប្រេងរបស់អ្នកនេសាទ។

តំណាងប្រជានេសាទនៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត បានលើកឡើងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន អ្នកភូមិរបស់គាត់នៅតែចេញទៅនេសាទជាធម្មតាមិនឈប់សម្រាកនោះទេ។ ហើយផលនេសាទមិនទៀងទាត់ទេ ថ្ងៃខ្លះអាកាសធាតុល្អគឺអាចរកគ្រឿងសមុទ្របានច្រើន ថ្ងៃខ្លះអាកាសធាតិមិនសូវល្អក៏រកមិនសូវបានដែរ ប៉ុន្តែជាទូទៅក្នុងមួយថ្ងៃ កូនដៃទូក(អ្នកស៊ីឈ្នួលនេសាទឱ្យគេ)អាចរកចំណូលបានពី ៤ទៅ៥ម៉ឺនរៀល (ក្រោយផាត់ថ្លៃចំណាយផ្សេងៗ)។

ចំណែកអាជីវករលក់ដូរគ្រឿងសមុទ្រនៅផែនេសាទកំពង់កណ្តាល និងផ្សារសាមគ្គីទីរួមខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតថ្វីត្បិតតែរយៈពេលចុងក្រោយនេះមានភ្ញៀវទេសចរមកលេងច្រើន ហើយបានធ្វើឱ្យតម្រូវការគ្រឿងសមុទ្រមានការកើនឡើង ប៉ុន្តែអាជីវករលក់គ្រឿងសមុទ្រទាំងអស់មិនបានដំឡើងថ្លៃនោះទេ។ តែប្រសិនបើក្នុងករណីអ្នកនេសាទ ចេញទៅនេសាទរកគ្រឿងសមុទ្របានតិច នោះទើបតម្លៃគ្រឿងសមុទ្រអាចឡើងថ្លៃបន្តិចបន្តួច ហើយការដំឡើងថ្លៃនេះគឺដើម្បីឱ្យរួចថ្លៃប្រេងរបស់អ្នកនេសាទ ដែលក្នុងនោះអ្នកនេសាទបានថវិកាខ្លះ អ្នកលក់បានថវិកាខ្លះ អ្នកទិញបានរបស់ធម្មជាតិទទួលទាន។

សូមបញ្ជាក់ថា ខេត្តកំពត ដោយមានការយកចិត្តទុកដាក់ និងការណែនាំ ពីលោក ម៉ៅ ធនិន អភិបាលខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរក្រុង-ស្រុក តែងតែបានចុះទៅណែនាំដល់អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ផ្សេងៗនៅទូទាំងខេត្តមិនឱ្យមានការដំឡើងថ្លៃនោះទេ ពិសេសនៅថ្ងៃបុណ្យទានផ្សេងៗ។ កត្តានេះជាចំណុចលេចធ្លោមួយ ដែលធ្វើឱ្យខេត្តកំពតកាន់តែមានប្រជាប្រិយភាព និងទាក់ទាញទេសចរមកលេងកាន់តែច្រើន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments