គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ខេត្តកំពត និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តកំពត ឱ្យបន្តអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត។
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលាខេត្តកំពត មានរៀបចំកិច្ចប្រជុំមួយរវាងលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ជាមួយឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត ក្នុងគោលបំណងដើម្បីឈ្វេងយល់ពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានាក្នុងវង្វង់វិស័យការងារទាំង៧ ដែលពាក់ព័ន្ធនិងសមត្ថកិច្ចរបស់គណ:កម្មការទី៩ នៃរដ្ឋសភា។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ បានជម្រាបជូនគណៈកម្មការទី៩ អំពីស្ថានភាពភូមិសាស្ត្រទូទៅរបស់ខេត្ត សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងលទ្ធផល ដែលសម្រេចបាននៅក្នុងខេត្ត។ ដោយឡែកតាមរបាយការណ៍មន្ទីរពាក់ព័ន្ធបានអោយដឹងថា វិស័យសាធារណៈការ និងដឹកជញ្ជូនមន្ទីរ បានធ្វើការថែទាំជាប្រចាំនូវផ្លូវជាតិ ផ្លូវខេត្តដែលក្រាលកៅស៊ូចំនួន ៧ខ្សែប្រវែង ១០៧.៤៥គីឡូម៉ែត្រ។គម្រោងមូលនិធិខេត្តឆ្នាំ២០២៤ សរុបចំនួន ២គម្រោង (គម្រោងជួសជុលពង្រីក និងលើកកម្ពស់ផ្លូវបេតុងសសៃដែកប្រវែង ១.១១២ម៉ែត្រ សាងសង់លូចំនួន ៤កន្លែង និងគម្រោងស្ថាបនាសំណង់លូកាត់ទទឹងចំនួន៥កន្លែង)។ ចំណែកឯវិស័យឧស្សាហកម្ម សិប្បកម្ម ខេត្តមានឧស្សាហកម្មធុនធំ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មចំនួនសរុប ២.៧០០មូលដ្ឋាន មានច្បាប់ដំណើរការចំនួន ២៦៨មូលដ្ឋាន មានពលកម្មសរុប ១៩.៦៤៩នាក់ (ស្រី ១១.៧៩១នាក់) ក្នុងនោះឧស្សាហកម្មធុនធំចំនួន ២៣មូលដ្ឋាន និងសិប្បកម្មសរុប ២.៦២៤មូលដ្ឋាន។ ដោយឡែកការងារសុរិយោដីក្នុងខេត្តកំពត បានរៀបចំអោយមានក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន ៥ក្រុមដើម្បីបានដំណើរការរហ័ស និងឆាប់ចប់។ ទន្ឋីមនិងនោះវិស័យពាណិជ្ជកម្ម ខេត្តមានផ្សារដ្ឋចំនួន១៣ ផ្សាឯកជនចំនួន៩ ផ្សារាត្រីចំនួន២ ផ្សាក្រមួនចំនួន៣០ ម៉ាតចំនួន២១ និងម៊ីនីម៉ាតចំនួន១៨។ ការទំនាក់ទំនងពាណិជ្ជកម្មតាមព្រំដែន បាននាំផលិតផលដូចជា ស្វាយកែវរមៀត ស្រូវ ទុរេន ផលិតផលសមុទ្រគិតជាទឹកប្រាក់សរុប ៣១.៣៧៨.៩០០ដុល្លាអាមេរិក។ ទន្ទឹមនិងការរីកចម្រើនខេត្តកំពតមានបញ្ហាប្រឈមដោយខ្វះធនធានមនុស្សផ្អែកបច្ចេកទេសសម្រាប់បំពេញការងារជាដើម។
ក្រោយបានស្តាប់ការរាយការណ៍ពីអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ លោកជំទាវ និន សាផុន បានថ្លែងអំណរគុណ និងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចជាតិឱ្យបានរីកចម្រើនលូតលាស់ជាលំដាប់ ដើម្បីឈានឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមក្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកជំទាវប្រធានគណៈកម្មការជំនាញរដ្ឋសភា បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តទំាងអស់ សូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជូនប្រជាពលរដ្ឋ។ ដោយឡែកចំពោះសំណូមពរ និងបញ្ហាប្រឈមនានាដែលមន្ទីរជំនាញលើកឡើង គណៈកម្មការ នឹងធ្វើរបាយការណ៍ជម្រាបជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្នុងការបន្តនីតិវិធីដោះស្រាយជូន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments