Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ១ ៧៨៧ហិកតាក្នុងស្រុកបន្ទាយមាស ត្រូវបានអាជ្ញាធរ និងមន្ទីរជំនាញចុះបូមទឹកសង្គ្រោះ

អាជ្ញាធរ និងមន្ត្រីជំនាញធនធានទឹកខេត្តកំពតបានបញ្ជាក់ថា ឆ្នាំនេះស្រុកបន្ទាយមាស បានធ្វើស្រូវប្រាំងចំនួន ៩ឃុំ លើផ្ទៃដីសរុប ១០ ២៨០ហិកតា ហើយក្នុងនោះដំណាំស្រូវ ១ ៧៨៧ហិកតាកំពុងប្រឈមនឹងការខ្វះខាតទឹក។ ប៉ុន្តែដោយមានការណែនាំពីអភិបាលខេត្ត មន្ត្រីជំនាញបានសហការជាមួយនឹងអាជ្ញាធរស្រុក បាននិងកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងទាន់ពេលវេលា។ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ និងពេញចិត្តយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាល ពិសេសអភិបាលខេត្តដែលបានជួយបូមទឹសង្គ្រោះស្រូវរបស់ពួកគាត់។

នាយករដ្ឋបាលស្រុកបន្ទាយមាស លោក ជុំ សារឿន បានបញ្ជាក់ថា ស្រុកបន្ទាយមាស មាន ១៥ឃុំ ៨៨ភូមិ ក្នុងនោះឃុំចំនួន៩បានធ្វើស្រូវប្រាំង លើផ្ទៃដីស្រូវសរុប ១០ ២៨០ហិកតា ហើយក្នុងនោះ ស្រូវប្រាំងដែលប្រឈមនឹងការខ្វះខាត់ទឹកមានចំនួន ១ ៧៨៧ហិកតា។ ប៉ុន្តែដោយមានការចង្អុលបង្ហាញ និងណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត  មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត សហការជាមួយអាជ្ញាធរស្រុក ភូមិ ឃុំ បានដាក់ម៉ាស៊ីសម្រាប់បូមទឹកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ហើយជាក់ស្តែងស្រូវរបស់ប្រជាពលរដ្ឋមិនមានការខូចខាត់នោះទេ។

អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត លោក ចាន់ ផេង បានប្រាប់ឱ្យដឹងថា ដោយសារពលរដ្ឋធ្វើស្រូវប្រាំង ច្រើនជាងឆ្នាំមុនៗ និងច្រើនដងទៀតនោះ ទើបបណ្តាលឱ្យមានការខ្វះខាតទឹក ពិសេសគឺឃុំព្រៃកទន្លេ ដែលប្រឈមនឹងការខ្វះខាតទឹកមុនគេ។ ទន្ទឹមនឹងនោះ ក្រោមការចង្អុលបង្ហាញ និងការដាក់ចុះនូវយន្តការផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មន្ទីរបានដាក់គ្រឿងចាក់ចុះជួយស្តារ កាយទឹកប្រឡាយទឹកកុំស្ទះ ប្រមាណជាងកន្លះខែមកហើយ និងបានដាក់ម៉ាស៊ីបូមទឹកចូលប្រឡាយជូនពលរដ្ឋស្រោចស្រពស្រូវជាបណ្តើរផងដែរ។ លោកអនុប្រធានមន្ទីរបានបន្តថា មកដល់ថ្ងៃនេះ ក្រោយពីការចុះជួយសង្គ្រោះស្រូវប្រាំងរបស់ពលរដ្ឋក្នុងស្រុកបន្ទាយមាស គឺគ្មានស្រូវពលរដ្ឋណាខូច ហើយស្រែពលរដ្ឋណាដែលថាខ្វះទឹកស្រោចទៀតនោះទេ។

ប្រជាពលរដ្ឋទទួលបានទឹកស្រោចស្រពស្រូវប្រាំង នៅឃុំទូកមាសខាងកើត បានសម្តែងសេចក្តីត្រេកអរ និងពេញចិត្តចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពិសេស ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងឆ្លើយតបគ្រប់តម្រូវការប្រជាពលរដ្ឋបានទាន់ពេលវេលា ជាក់ស្តែងពេលនេះ ពួកគាត់លែងព្រួយបារម្ភរឿងស្រូវប្រាំងខូចទៀតហើយ។ ជាងនោះទៅទៀត ពួកគាត់រំពឹងថាតម្លៃស្រូវនឹងអាចឡើងថ្លៃវិញ ខណៈដែលបច្ចុប្បន្នស្រូវអ៊ីអ៊ែ ១គីឡូមានតម្លៃជាង ៧០០រៀល។ ទោះយ៉ាងណាក៏ដោយ អាជ្ញាធរស្រុក និងមន្ត្រីធនធានទឹកក៏បានធ្វើការណែនាំឱ្យពលរដ្ឋធ្វើស្រូវប្រាំងត្រឹមតែពីរដងបានហើយ ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងតម្រូវការរស់នៅប្រចាំថ្ងៃ ដូចជាចិញ្ចឹមសត្វ និងដាំដំណាំបន្លែផ្សេងៗជាដើម៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត






















Post a Comment

0 Comments