Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានក្រុមការងាររាជរដ្ឋាភិបាលជំរុញអាជ្ញាធរខេត្តកំពតឱ្យបន្តអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាលឱ្យបានកាន់តែប្រសើរបន្តទៀត

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតបានណែនាំដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ឲ្យគិតពិចារណារកវិធីសាស្ត្រ ដើម្បីពង្រឹងកត្តាស្នូលជាអាទិភាពទាំង៥ (មនុស្ស ផ្លូវ ទឹក ភ្នើង និងបច្ចេកវិទ្យាឌីជីថល) ឱ្យបានកាន់តែប្រសើរ។ ពិសេសយកចិត្តទុកដាក់អនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធានារក្សាបានកំណើនសេដ្ឋកិច្ច ឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីសម្រេចបានចក្ខុវិស័យ និងប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចុះនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើកកត្តាស្នូលអាទិភាពចំនួន៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដូច្នេះនៅចំពោះមុខ រដ្ឋបាលខេត្តកំពត មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវពិនិត្យនិងរកវិធីសាស្ត្រ ថាតើខ្លួនអាចធ្វើឱ្យកត្តាស្នូលទាំង៥ រឹងមាំ ជឿជាក់អាចប្រើការបាន និងមានប្រសិទ្ធភាពកម្រិតណា ហើយធ្វើតាមវិធីណាខ្លះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានជំរុញអាជ្ញាធរខេត្ត មន្ត្រីជំនាញពាក់ព័ន្ធឱ្យអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុចឱ្យកាន់តែប្រសើរក្នុងនោះមាន៖ (១). ការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល, (២). ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារ ក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស, (៣). ការធ្វើស្ថាបនូ បនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់ គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និង គ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន, (៤). ការដាក់ចេញ យុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង អាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមផ្លូវការ, (៥). ការដាក់ចេញនូវយន្តការសម្របសម្រួល និង កម្មវិធីហិរញ្ញប្បទាន សំដៅលើក ស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ, និង (៦). ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមាន សកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

























Post a Comment

0 Comments