Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំក្រសួងព័ត៌មានណែនាំឲ្យមន្ទីរព័ត៌មានខេត្តកំពតត្រូវធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ហើយដើម្បីធ្វើឲ្យមន្ទីរព័ត៌មាន ដើរតួនាទីជាសេនាធិការដ៏ល្អ របស់រដ្ឋបាលខេត្ត  មន្ត្រីមន្ទីរត្រូវបន្តខិតខំពង្រឹងបន្ថែមលើវិធីសាស្ត្រ ក្នុងការទទួល  ប្រមូល និងផលិតផ្សាយព័ត៌មាន និងសាធារណមតិឲ្យកាន់តែល្អប្រសើរ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំតម្រង់ទិស លើកិច្ចការងារព័ត៌មាន និងសាធារណមតិ  ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពត នៅរសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៥   ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ឆ្លងតាមរបាយការណ៍ស្វាគមន៍របស់លោកស្រី ប្រធានមន្ទីរ កន្លងមកមន្ទីរព័ត៌មានខេត្តកំពត បានបំពេញការងារទទួលបានលទ្ធផលល្អប្រសើរ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូល ផលិត ថតផ្សាយព័ត៌មានជាច្រើនសម្រាប់ខេត្ត រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង។ ប៉ុន្តែដើម្បីពង្រឹងការងារគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មានបានកាន់តែល្អប្រសើរថែមទៀត  ទាមទារឲ្យមានការធ្វើបច្ចុប្បន្នភាព ពិសេសការតម្រង់ទិសទាំងលើការងារព័ត៌មានទូទៅ និងសាធារណមតិ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសត្រូវធានា ថាប្រជាពលរដ្ឋទទួលបានព័ត៌មានពិត  មានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ 

ឯកឧត្តមអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា ការអនុវត្តការងារព័ត៌មាននិងសាធារណមតិ ត្រូវធ្វើឡើងជាប្រចាំ ដោយសហការ និងសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាពជាមួយរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីជំរុញយន្តការនេះ ឱ្យក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកកម្ពស់យន្តការដំណោះស្រាយនូវរាល់បញ្ហា ក្តីកង្វល់ និងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។

ឯកឧត្តមអ្នកនាំពាក្យបានណែនាំថា ដើម្បីធ្វើជាសេនាធិការដ៏ល្អ របស់រដ្ឋបាលខេត្ត ទាមទារឲ្យមន្ត្រីមន្ទីរព័ត៌មាន ខិតខំបង្កើនការយកចិត្តទុកដាក់លើការងារប្រចាំថ្ងៃរបស់ខ្លួន ដោយពង្រឹងបន្ថែមទាំងផ្នែកបច្ចេកទេស សមត្ថភាពប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗ  សិល្ប:ក្នុងការប្រមូល  ផ្ដល់ និងផលិតផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ពិសេសត្រូវផ្ដោតសំខាន់ ទៅលើសមិទ្ធផលរបស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះដែរឯកឧត្តមក៏បានណែនាំ ឲ្យមន្ទីរព័ត៌មាន ពិសេសក្រុមការងារសាធារណមតិ ត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលា ចំពោះព័ត៌មានមិនត្រឹមត្រូវ និងព័ត៌មានក្លែងក្លាយ  ដែលមាននៅក្នុងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ  ពិសេសត្រូវព្យាយាមផលិត និង ផ្សព្វផ្សាយព័ត៌មានវឌ្ឍនភាពលើគ្រប់វិស័យ  ពោលមន្ទីរត្រូវបង្កើតទីលានជជែកដេញដោលព័ត៌មានផ្សេងៗ  ដោយអនុវត្ត វិធីសាស្ត្រព័ត៌មានបែបបុរេសកម្ម
និងមិនត្រូវទុកអោយព័ត៌មានក្លែងក្លាយនាំមុខ នៅក្នុងលំហសាធារណមតិដែលវាបង្ករអោយមានការបំពុល ភាពចលាចល ឬអសន្តិសុខនៅក្នុងមូលដ្ឋានឬសង្គមកម្ពុជាទាំងមូលឡើយ ។

ប្រធានមន្ទីរព័ត៌មានខេត្តកំពត លោកស្រី ប៉ូ ចាន់រស្មី បានបញ្ជាក់ថា បើទោះជាកន្លងមកមន្ទីរព័ត៌មាន មានកិច្ចសហការល្អជាមួយ មន្ទីរអង្គភាពជុំវិញខេត្ត  និងទទួលបានការកោតសរសើរ មិនដាច់ពីមាត់ពីឯកឧត្តមអភិបាលខេត្តយ៉ាងណាក៏ដោយ ក៏មន្ទីរនៅតែមានឆន្ទ:ក្នុងទទួលនូវយកការបណ្តុះបណ្តាលលើផ្នែកជំនាញព័ត៌មាន និងសាធារណមតិបន្ថែម ពិសេសទទួល យកការណែនាំ និងតម្រង់ទិសល្អៗ របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រសួងផងដែរ ដើម្បីបំពេញតួនាទីរបស់ខ្លួនលើកការងារទំនាក់ទំនងសាធារណៈ ជាសេនាធិការរបស់រដ្ឋបាលខេត្តប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត










Post a Comment

0 Comments