នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាល និងពិភាក្សាបញ្ហាប្រឈម សំណូមពររបស់ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែលបានរស់នៅលើដីជាប់ដងព្រែកកំពង់បាយ ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដើម្បីរកដំណោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការរុះរ៉ើសំណង់ដែលប៉ះពាល់ចំណីព្រែក ដើម្បីកំណត់យកទំហំទីតាំងរុះរ៉ើដើម្បីរៀបចំសោភ័ណភាពបន្ថែមទៀត និងបើកផ្លូវមាត់ព្រែកចាប់ពីគល់ស្ពានចាស់ដល់ស្ពានថ្មីត្រើយខាងលិច។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានលើកឡើងថា ក្នុងអណាត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានចង្អុលទិសឱ្យនៅតាមបណ្តាខេត្តដែលជាគោលដៅទេសចរណ៍ ត្រូវពង្រីកសក្តានុពលដើម្បីស្រូបយកទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន ទាំងក្នុងប្រទេស ក្រៅប្រទេស ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា ការអភិវឌ្ឍលើវិស័យទេសចរណ៍នេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះគឺតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការរុះរ៉ើសំណង់ដែលប៉ះពាល់ដល់ចំណីព្រែកកំពង់បាយ ហើយការអភិវឌ្ឍនេះគឺមិនឱ្យប៉ះពាល់ដល់ដីកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋនោះឡើយ។ក្រោយពីកិច្ចប្រជុំរួចមក ឯកឧត្តមអភិបាលខេត្ត ក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋទាំង ៣៥គ្រួសារចុះពិនិត្យទីតាំង និងផលប៉ះពាល់ជាក់ស្តែង និងទទួលយកសំណើរ សំណូមពររបស់ពលរដ្ឋផងដែរ។ ក្រោយពីបានពិភាក្សា ក៏ដូចជាទទួលយកមតិយោបល់ពីពលរដ្ឋទាំង ៣៥គ្រួសាររួចមក ប្រជាពលរដ្ឋទាំងអស់ក៏យល់ព្រមឯកភាពតាមការកំណត់របស់អាជ្ញាធរខេត្តក្នុងការរុះរ៉ើសំណង់ដែលប៉ះពាល់ដល់ការអភិវឌ្ឍ និងសំដែងក្តីសប្បាយរីករាយក្នុងការចូលរួមផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តបានបែងចែកការអភិវឌ្ឍតំបន់ឆ្នេព្រែកកំពង់បាយត្រើយខាងលិចជា៣ដំណាក់កាល ដែលដំណាក់កាលទី១ ចាប់ពីគល់ស្ពានត្រើយកោះដល់គល់ស្ពានឥន្ទធនូ, ដំណាក់កាលទី២ ចាប់ពីគល់ស្ពានឥន្ទធនូដល់គល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ) និងដំណាក់កាលទី៣ ចាប់ពីគល់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ស្ពានកំពង់បាយ)រហូតដល់ស្ពានរថភ្លើង។ នៅក្នុងថ្ងៃដដែលឯកឧត្តមអភិបាលខេត្ត ក៏បានបន្តចុះពិនិត្យទីតាំងស្ពានក្បាលរមាសចាស់ ស្ថិតក្នុងស្រុកទឹកឈូ ដើម្បីរៀបចំធ្វើជាផ្សារគ្រឿងសមុទ្រនាពេលឆាប់ៗខាងមុខនេះផងដែរ៕
0 Comments