Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ភ្នំកំពង់ត្រាចជាកន្លែងគោរពបូជាសាសនា អេកូទេសចរណ៍ និងវប្បធម៌

តំបន់ភ្នំកំពង់ត្រាចដែលជាភ្នំថ្មកំបោរ ដែលធ្លាប់បានផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែដើម្បីធ្វើរោងចក្រស៊ីម៉ងត៍កាលពេលឆ្នាំ២០២០កន្លងទៅ នៅថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រកាសរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌សម្រាប់ខេត្តកំពត។ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះរឿងការរក្សាទុកនេះ ខណៈអាជ្ញាធរខេត្តថានឹងសហការគ្នាធ្វើយ៉ាងណាឱ្យតំបន់ភ្នំកំពង់ត្រាចកាន់តែមានភាពទាក់ទាញភ្ញៀវច្រើនជាងមុន។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រកាសនាថ្ងៃនេះ គឺយោងទៅតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ដោយសម្រេចដាក់ផ្ទៃដីចំនួន ៤៦៣,៦០ហិកតា ដែលស្ថិតក្នុងតំបន់ភ្នំកំពង់ត្រាចនេះ ដើម្បីទុកអភិរក្សធ្វើជា វត្តអារាម ជាទីសក្ការៈបូជា វប្បធម៌ និងជាតំបន់ទេសចរណ៍របស់ខេត្តកំពត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រកាសថា ចាប់ពីថ្ងៃនេះទៅគឺមិនអនុញ្ញាតិឱ្យបុគ្គលណា ឬក្រុមហ៊ុនណា យកភ្នំថ្មកំបោរទាំងនេះទៅធ្វើអាជីវកម្ម ឬជារោងចក្រស៊ីម៉ងត៍ទៀតឡើយ។

ប្រជាពលរដ្ឋលក់ដូរនៅបរិវេណតំបន់រមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច បានបង្ហាញសេចក្តីសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានអភិរក្សតំបន់ភ្នំកំពង់ត្រាចទុកមិនឱ្យបាត់បង់។ ពលរដ្ឋចង់ឃើញតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាច រៀបចំកាន់តែស្អាត និងទាក់ទាញទេសចរច្រើនជាងមុន ព្រោះកាលណាមានការអភិរក្ស និងអភិវឌ្ឍន៍តំបន់នេះ គឺដូចជាបានជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើឡើងថែមទៀត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រនៃកម្ពុជា និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានដកយកទីតាំងភ្នំនេះមកអភិរក្សជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តរួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋនឹងសហការគ្នារៀបចំតំបន់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត។ ឯកឧត្តមអភិបាល ក៏បានស្នើដល់មន្ត្រីជំនាញ មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ មន្ទីរធម្មការ និងសាសន៍ រួមនឹងចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរស្រុក សូមចូលរួមស្រាវជ្រាវប្រវត្តិភ្នំកំពង់ត្រាចនេះឱ្យបានច្បាស់ សម្រាប់ទុកបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះបើគ្មានប្រវត្តិ គ្មានរឿងព្រេងដំណាលប្រាប់ភ្ញៀវទេ តំបន់នេះក៏មិនអាចទាក់ទាញខ្លាំងបានដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments