Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ជួបសំណេះសំណាលជាមួយពុទ្ធបរិស័ទនិងព្រះសង្ឃ២វត្តនៅខេត្តកំពត

កាលពីព្រឹកថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត បានអញ្ជើញចុះទៅពិនិត្យការសាងសង់ ព្រះវិហារវត្តថ្មពួក  ព្រមទាំងជួបសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ចំណុះ ជើងវត្តថ្មពូក ស្ថិតនៅឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។

ដោយឡែកនៅព្រឹកថ្ងៃចន្ទ ០៨កើត ខែបុស្ស ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២៥ ដែលជាថ្ងៃឧបោសថសីល ឯកឧត្តមបណ្ឌិត ប៉ែនស៊ីម៉ន ប្រធានគណៈកម្មាការទី១០ នៃរដ្នសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពត និងឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ បានជួបសំណេះសំណាលជាមួយ ព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទ្ធមកពី ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

បន្ទាប់ពីបានចូលរួមសមាទានសីល នមសិការព្រះរតនៈត្រ័យ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាន មានប្រសាសន៍ថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាម ព្រះពុទ្ធសាសនាត្រូវបាន ប៉ុល ពត បំផ្លាញគ្មានសល់ ហើយបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ក៏មិនមានឱកាសបានជុំគ្នាធ្វើបុណ្យទានដូចសព្វថ្ងៃនេះដែរ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កត្តាសុខសន្តិភាព នាំមកនូវការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ហើយព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម ផលិតបានធនធានមនុស្ស និងថ្នាក់ដឹកនាំប្រកបដោយទសពិតរាជធម៌ និងមានសក្តានុពល ដឹកនាំប្រទេស ទៅរកភាពរីកចម្រើន ស្មើរមុខស្មៅមាត់ជាមួយនឹងប្រទេសជិតខាង និងប្រទេសជុំវិញពិភពលោក។ 

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន បានចូលរួមពិនិត្យព្រះវិហារឧត្តមមានជ័យដែលកំពុងសាងសង់ ចំណាយអស់ថវិកាជាង ២០០,០០០ ដុល្លាអាមេរិក ក្នុងនោះ ឯកឧត្តមបណ្ឌិតក៏បានជួយបង្ហើយដំបូលព្រះវិហារ ២៤០,០០០,០០០រៀល និងក្លោងទ្វារធំព្រះវិហារចំនួន៣ អស់បច្ច័យ ១៥,០០០ដុល្លាអាមេរិក  ។ 

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិតនឹងអញ្ជើញកាត់ឬសសិមា ដែលនឹងត្រូវប្រារព្ធធ្វើពិធីបញ្ចុះខណ្ឌសីមាក្នុងពេលឆាប់ៗនេះ។ ក្នុងពិធីសមាទានសិលនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានប្រគេនបច្ច័យព្រះចៅអធិការវត្តឧត្តមមានជ័យ ១,០០០,០០០រៀល និងក្រុមប្រឹក្សាខេត្ត ៨០០,០០០រៀល  ព្រះភិក្ខុសង្ឃក្នុងមួយអង្គ ១០០,០០០រៀល សាមណេរ ៥០,០០០រៀល យាយជីតាជី និងប្រជាពុទ្ធបរិស័ទ្ធមក ឃុំកណ្តោល ស្រុក ទឹកឈូ ជាង៣០០នាក់ ក្នុងម្នាក់ៗ ២០,០០០រៀល និងលោកគ្រូ អ្នកគ្រូ ១៨ នាក់ ក្នុងម្នាក់ៗ ៥០,០០០រៀលសិស្សចំនួន ៦០៤ នាក់ ថវិកាម្នាក់ៗ ១០,០០០រៀលផងដែរ៕






























Post a Comment

0 Comments