Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ក្រុមអាជីវករលក់ដូរនៅតំបន់ឆ្នេរកោះស្មៅខេត្តកំពតរំពឹងថាការលក់ដូរកាន់តែប្រសើរជាងមុនក្រោយផ្លូវបេតុងស្ថាបនារួចរាល់

រដ្ឋបាលខេត្តកំពតបាននិងកំពុងស្ថាបនាពង្រីក និងលើកគុណភាពផ្លូវមួយខ្សែពីផ្លូវកៅស៊ូទៅជាផ្លូវបេតុង ដើម្បីតភ្ជាប់តំបន់សួនច្បារមាត់ព្រែកក្រុងកំពត ទៅកាន់តំបន់ឆ្នេរកោះស្មៅ និងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលទើបបានបើកដំណើរការសាកល្បងកាលពីពាក់កណ្តាលខែធ្នូកន្លងទៅ។ ពាក់ព័ន្ធគម្រោងនេះ ក្រុមអាជីវករបានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះរំពឹងថា ការលក់ដូរនឹងកាន់តែប្រសើរជាងមុនក្រោយពេលការស្ថាបនាផ្លូវបេតុងមួយខ្សែនេះរួចរាល់។

ផ្លូវមួយខ្សែដែលតភ្ជាប់ពីចំណុចរូបសំណាកត្រីផ្សោត ក្នុងក្រុងកំពត ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ត្រូវបានរដ្ឋបាលខេត្តកំពតស្ថាបនាពង្រីក និងលើកគុណភាពផ្លូវ ពីផ្លូវកៅស៊ូដែលមានទំហំតូច ទៅជាផ្លូវបេតុងដែលមានទំហំធំជាងមុន។ កំណាត់ផ្លូវក្នុងភូមិសាស្ត្រក្រុងបានធ្វើរួចរាល់ហើយតាំងពីមុនបុណ្យសមុទ្រ ដោយឡែកបច្ចុប្បន្នកំណាត់ផ្លូវដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ កំពុងស្ថាបនាកសាងបន្ត។ ពាក់ព័ន្ធគម្រោងស្ថាបនាផ្លូវមួយខ្សែរបស់រដ្ឋបាលខេត្តនេះ បានធ្វើឱ្យក្រុមអាជីវករដែលជាម្ចាស់ហាងកាហ្វេ ផ្ទះសំណាក់ និងអាហារដ្ឋាននៅតំបន់ឆ្នេរកោះស្មៅ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះរំពឹងថា ឆ្នេរកោះស្មៅនឹងកាន់តែមានទេសចរមកលេងកម្សាន្តច្រើនជាងមុន ហើយការលក់ដូររបស់ពួកគាត់កាន់តែល្អប្រសើរថែមទៀត។
.....................សំឡេង(៣នាទី២៥វិ)....................។
លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដោយផ្ទាល់ពីសំណាក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រុមការងារសាងសង់ និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងមមាញឹកយ៉ាងខ្លាំងដើម្បីពន្លឿនឱ្យការស្ថាបនាផ្លូវឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។ លោកបានបន្តថា ផ្លូវ១ខ្សែនេះ ស្ថាបនាជា៣ជំហ៊ាន ដោយជំហ៊ានទី១ ពង្រីកផ្លូវបេតុងអាមេពីចំណុចរូបសំណាកត្រីផ្សោតទៅស្ពានកំពង់កណ្តាល់ ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត ដែលមានទទឹង ១៣ម៉ែត្រ បណ្តោយប្រវែង ៧៥០ម៉ែត្រ ហើយបានស្ថាបនារួចរាល់។ ជំហ៊ានទី២ ចាប់ពីចំណុចស្ពានកំពង់កណ្តាលដល់ផ្លូវបេតុងឆ្នេរកោះស្មៅ មានប្រវែងជាង ២គីឡូម៉ែត្រ ទទឹងប្រែប្រួលពី ១៦ម៉ែត្រ ទៅ ២៣ម៉ែត្រ តាមតំបន់ជាក់ស្តែង ដែលបច្ចុប្បន្នកំពុងស្ថាបនាដោយមានដាក់លូសងខាងផ្លូវ និងជំហ៊ានទី៣ ពីចំណុចកែងផ្លូវស្រែអំពិល ឈ្ពោះទៅកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានប្រវែង ៣.៥គីឡូម៉ែត្រ។ លោកអភិបាលស្រុកបានង្ហើបផងដែរថា រដ្ឋបាលខេត្តក៏មានគម្រោងសាងសង់ចំណត់ទូក ដើម្បីឱ្យទូកទេសចរណ៍ ឬទូកនេសាទអាចចូលចតនៅតំបន់កោះស្មៅ រួមទាំងរៀបចំសាងសង់បន្ទប់ទឹកសាធារណៈជាច្រើនកន្លែងនៅឆ្នេរកោះស្មៅផងដែរ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមអាជីវករ និងភ្ញៀវទេសចរណ៍បានប្រើប្រាស់សមរម្យ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















Post a Comment

0 Comments