Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋ និងភ្ញៀវទេសចរថាពិធីឆ្លងឆ្នាំសកលនៅខេត្តកំពតរៀបចំស្អាតទាក់ទាញ និងអ្នកចូលរួមច្រើនកុះករជាងឆ្នាំមុនៗ

ពិធីឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ នៅខេត្តកំពតបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ ដោយបន្សល់នូវស្នាមញញឹមពោពេញដោយអនុវស្សាវរីយ៍ និងដោយក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី២០២៥។ ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញក្តីរំភើបរីករាយឥតឧបមា និងថាពិតជាមិនខកបំណងដែលខ្លួនបានមកឆ្លងឆ្នាំនៅខេត្តកំពត ព្រោះការរៀបចំស្អាតមានភាពទាក់ទាញ និងមានអ្នកចូលរួមច្រើនកុះករជាងឆ្នាំមុនៗ។

ទិដ្ឋភាពក្រុងកំពត ពិសេសតំបន់សួនច្បារ និងឆ្នេរខ្សាច់មាត់ព្រែកចាប់ពីស្ពានថ្មី រហូតដល់ឆ្នេរខ្សាច់កោះស្មៅ (ប្រមាណ ៦គីឡូម៉ែត្រ) នៅរាត្រីឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ គេសង្កេតឃើញមានប្រជាពលរដ្ឋក្នុងខេត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានមកជួបជុំគ្នាជាលក្ខណៈជាគ្រួសារ មិត្តភក្តិ និងក្រុមការងារអង្គុយទទួលទានអាហារយ៉ាងឈ្ងុយឆ្ងាញ់ អ្នកខ្លះហូបបណ្តើររាំកម្សាន្តបណ្តើរ ញ៉ាំងឱ្យបរិយាកាសឆ្លងឆ្នាំនៅក្រុងកំពតមានភាពអ៊ូអរ និងអធឹកអធមក្រៃលែង។ ម្យ៉ាងទៀតទីតាំងរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាយក្ស អមដោយការរៀបចំលម្អភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតផងនោះ  បានធ្វើឱ្យមនុស្សម្នាទាំងចាស់ទាំងក្មេងបានមកក្រាលកន្ទេល ខ្លះបោះតង់គេងរង់ចាំពេលវេលារាប់ថយក្រោយ និងទស្សនាការបាញ់កាំជ្រួចទាំងនៅត្រើយខាងកើត និងត្រើយខាងលិច ខណៈដែលការប្រគំតន្ត្រីក៏មានច្រើនកន្លែងផងដែរ។

ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបង្ហាញអារម្មណ៍រំភើបរីករាយឥតឧបមា និងបានលើកឡើងថាពួកគាត់ពិតជាមិនខកបំណងឡើយ ដែលខ្លួនបានមកឆ្លងឆ្នាំនៅខេត្តកំពត ព្រោះការរៀបចំតុបតែងលម្អបានស្អាត ទាក់ទាញ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ  ម្ហូបអាហារ និងសេវាស្នាក់នៅផ្សេងៗគ្មានការដំឡើងថ្លៃ ពិសេសឃើញមានអ្នកមកចូលរួមឆ្លងឆ្នាំសកលច្រើនកុះករជាងឆ្នាំមុនៗ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ថ្ងៃឆ្លងឆ្នាំសកល២០២៤ ឈានចូល២០២៥ ខេត្តកំពតមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតាមរមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍ និងក្រុងកំពតចាប់តាំងពីព្រលឹម រហូតដល់ពេលរាត្រី ដែលចំនួនភ្ញៀវសរុប ១៩៨,៥០១នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៩៧,៨៤៨នាក់ ភ្ញៀវអន្តរជាតិចំនួន ៦៥៣នាក់។ លោកប្រធានមន្ទីរបានបន្តថា ចំពោះស្ថានភាពទូទៅគឺពុំមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ហើយចំពោះសេវាកម្មស្នាក់នៅ និងម្ហូបអាហារក៏ពុំមានការដំឡើងថ្លៃនោះដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments