ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានរៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងអាជីព ជូនដល់សមាជិកាសកម្មសាខាខេត្តកំពតចំនួន ៥០នាក់ ក្នុងគោលបំណងដើម្បីបង្កើនភាពជឿជាក់ ក្នុងស្វែងយល់ពីខ្លួនឯងអោយបានច្បាស់ និងដឹងពីទិសដៅការងារដែលខ្លួនពេញចិត្តពេលទៅសិក្សានៅថ្នាក់មហាវិទ្យាល័យ ក៏ដូចជាជ្រើសរើសជំនាញ និងការងារក្រោយពេលបញ្ចប់ការសិក្សា។
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត បានរៀបចំសិក្ខាសាលាតម្រង់ទិសការងារ និង អាជីព ជូនដល់សមាជិកាសកម្មសាខាខេត្តកំពត ដែលកម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារ Rain Forest ខេត្តកំពត។ មានមតិបើកកម្មវិធី លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត បានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអនុញ្ញាតឱ្យសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពតរៀបចំសិក្ខាសាលាតម្រង់ទិសការងារ និងអាជីព ជូនដល់សមាជិកាសកម្មសាខាខេត្តកំពតចំនួន ៥០នាក់ ក្នុងគោលបំណងបង្កើនភាពជឿជាក់ ស្វែងយល់ពីខ្លួនឯងអោយបានច្បាស់ និងដឹងពីទិសដៅការងារដែលខ្លួនពេញចិត្ត នៅពេលទៅបន្តការសិក្សានៅថ្នាកមហាវិទ្យាល័យ ក៏ដូចជាជ្រើសរើសជំនាញ និងការងារក្រោយពេលបញ្ចប់ការសិក្សារបស់ខ្លួន។ជាមួយគ្នានេះដែរ លោកជំទាវប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ក៏បានថ្លែងអំណរគុណដល់ លោកជំទាវ ឌិត នីតា ប្រធានកម្មវិធីតម្រង់ទិសការងារ និងអាជីព ព្រមទាំងក្រុមការងារទាំងអស់ ដែលបានជួយសហការដឹកនាំរៀបចំកម្មវិធីអោយប្រព្រឹត្តិទៅបានដោយរលូន។ ហើយកម្មវិធីតម្រង់ទិសអាជីពការងារក៏មានសិក្ខាសាលាចំនួន៣លើកផងដែរ ដែលលើកទី១ គឺសិក្ខាសាលាស្ដីអំពីការស្វែងយល់អំពីខ្លួនឯង និងការងារ, លើកទី២ គឺសិក្ខាសាលាស្តីអំពីការកសាងទំនុកចិត្តខ្លួនឯង និងទំនាក់ទំនងការងារប្រកបដោយប្រសិទ្ធិភាព និងលើកទី៣ គឺសិក្ខាសាលាស្ដីអំពីតម្រង់ទិស និងស្វែងយល់ពីអាជីពការងារ។
លោកជំទាវ ឌិត នីតា ប្រធានកម្មវិធីតម្រង់ទិសការងារ និងអាជីព បានថ្លែងកោតសរសើរចំពោះក្រុមការងារនៃសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តកំពត ដែលបានសហការរៀបចំកម្មវិធីបានយ៉ាងល្អប្រសើរ ហើយសមាជិកាសកម្មសាខាខេត្តកំពតទាំង ៥០នាក់ ក៏មានភាពក្លាហាន និងទទួលបានចំណេះដឹងថ្មីៗបន្ថែមពីវាគ្មិនល្អក្នុងកម្មវិធីផងដែរ។ លោកជំទាវក៏បានជំរុញឱ្យសមាជិកាសកម្មទាំងអស់ ចូលរួមយកចិត្តទុកដាក់អោយបានខ្លាំងក្នុងសិក្ខាសាលាស្វែងយល់ពីខ្លួនឯង នឹង ប្រឹងចាប់យកការចែករំលែកបទពិសោធន៍ និងទ្រឹស្តី របស់វាគ្មិនកិត្តិយស ព្រមទាំងបំផុសជាសំនួរអោយបានច្រើនដើម្បីទទួលបាននូវចំណេះដឹងល្អៗបន្ថែមពីសិក្ខាសាលារបស់យើង។ លោកជំទាវបានបន្តថា ការដែលសមាជិកាទាំងអស់ទទួលបាននូវការបណ្តុះបណ្តាលផ្សេងៗ ក៏ដូចជាបទពិសោធន៍ល្អៗនាពេលកន្លងមក គឺក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា សំដៅលើការលើកកម្ពស់ដល់កុមារី យុវតី និងស្រី្ត ក្នុងការទទួលបានការអប់រំអោយបានកាន់តែខ្ពស់កាន់តែប្រសើរ៕
0 Comments