នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីស្វែងយល់ស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារពត៌មាន និងការអភិវឌ្ឍរបស់ខេត្តកំពត។
លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានជម្រាបជូនប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ចរបស់ខេត្ត ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកខេត្តកំពតគឺជាប៉ូលសេដ្ឋកិច្ចសំខាន់មួយក្នុងប្រទេសកម្ពុជា ហើយខេត្តកំពតក៏ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមទាំងមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ ដែលខេត្តកំពតបានចែកតំបន់ទេសចរណ៍ជាបីសណ្ឋានរួមមាន៖ តំបន់ភ្នំ តំបន់ទំនាបកណ្តាល និងតំបន់សមុទ្រ។ លោកអភិបាលខេត្តបានបន្តថា ក្នុងអាណតិ្តទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែជំរុញឱ្យខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ត្រូវធ្វើយ៉ាងណាអភិវឌ្ឍន៍ កែច្នៃនូវធនធានដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យមានភាពទាក់ទាញ ក្នុងន័យទាញយកកំណើនភ្ញៀវទេចរឱ្យបានច្រើន ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើឡើង ដោយទាញយកចំណូលពីវិស័យទេសចរណ៍។ក្រោយពីបានស្តាប់របាយការណ៍ និងការអនុវត្តការងារពាក់ព័ន្ធការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីសារពត៌មាន និងការអភិវឌ្ឍខេត្តរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពតរួចមក លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណ:កម្មការទី៥ នៃព្រឹទ្ធសភា បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តន៍ច្បាប់កន្លងមកដោយទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនោះ លោកប្រធានគណៈកម្មការ ក៏បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តច្បាប់ និងការងារដែលពាក់ព័ន្ធទាំងអស់ឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោក បណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ក៏បានថ្លែងកោតសរសើរចំពោះលោក ម៉ៅ ធនិន អភិបាលខេត្ត ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំខេត្ត ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនពលរដ្ឋនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ ពិសេសការអភិវឌ្ឍខេត្តកំពតបានឆាប់រហ័ស ជាក់ស្តែងរយៈពេលបីឆ្នាំកន្លងមកនេះ គឺខេត្តមានសោភ័ណភាពស្អាត និងមានសមិទ្ធិផលទេសចរណ៍ថ្មីៗ និងទាក់ទាញជាច្រើនធ្វើឱ្យមានកំណើនភ្ញៀវទេសចរមកលេងកម្សាន្តកើនឡើងគួរឱ្យកត់សម្គាល់៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments