ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុល បានបញ្ជាក់ឱ្យដឹងថា ស្ថានភាពជារួមនៅក្នុងខេត្តកំពតនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលជាថ្ងៃឆ្លងសកលឆ្នាំ២០២៤ ឈានចូល២០២៥ គឺមានភាពល្អប្រសើរពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ដោយឡែក លំហូរភ្ញៀវទេសចរមកដើរលេងកម្សាន្តមានច្រើនទាំងពេលថ្ងៃ និងនៅពេលយប់ ដោយចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកលេងកម្សាន្តតាម រមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍ និងក្រុងកំពតសរុប ១៩៨,៥០១នាក់ នាក់ក្នុងនោះភ្ញៀវទេសចរជាតិ ១៩៧,៨៤៨នាក់ ភ្ញៀវអន្តរជាតិចំនួន ៦៥៣នាក់។ លោកប្រធានមន្ទីរបានបញ្ជាក់បានបន្តថា វត្តមានដ៏ច្រើនរបស់ភ្ញៀវទេសចរនេះ បានបង្ហាញអំពីភាពជោគជ័យរបស់រដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ដែលលោកតែងតែបានយកចិត្តទុកដាក់ និងជំរុញអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្ត តាមរយៈការបង្កើតសមិទ្ធផលថ្មីៗជាច្រើន ដើម្បីស្រូបទាញយកភ្ញៀវទេសចរឱ្យបានច្រើនបំផុតតាមដែរអាចធ្វើបាន ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារពលរដ្ឋ ក៏ដូជាសេដ្ឋកិច្ចខេត្ត ស្របតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកប្រធានមន្ទីរបានបញ្ជាក់បន្ថែមថា សម្រាប់ពិធីឆ្លងឆ្នាំសកលនេះដែរ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមានភាពសប្បាយរីករាយនៅគ្រប់ទីកន្លែង ទាំងនៅតាមតំបន់រមណីយដ្ឋាន ពិសេសក្រុងកំពត ព្រោះអាជ្ញាធរមានការរៀបចំបានល្អ ទាំងសោភ័ណភាព និងសន្តិសុខសណ្តាប់ធ្នាប់ សក្តិសមជាខេត្តគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ លោកប្រធានមន្ទីរបានបន្ថែមថា គោលដៅទេសចរណ៍ក្នុងក្រុងកំពត ពិសេសតំបន់ឆ្នេរ សួនច្បារ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំ នៅតែជាគោលដៅទាក់ទាញខ្លាំងជាងគេដែលមានភ្ញៀវមកលេងច្រើន៕
0 Comments