Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជាន់ខ្ពស់សង្គមកិច្ច៖ ការលើកកម្ពស់ និងការការពារកុមារគឺការងារអាទិភាពនៅក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាអនុប្រធានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានលើកឡើងថា កុមារជាទំពាំងស្នងឬស្សី ជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំរបស់ប្រទេសជាតិនាពេលអនាគត។ ហើយការលើកកម្ពស់ និងការការពារកុមារ គឺជាការងារអាទិភាពដែលត្រូវបានដាក់បញ្ចូលទៅក្នុងការអនុវត្តកម្មវិធីគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រជាតិមួយចំនួន ដែលពាក់ព័ន្ធកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ។

ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្តីពីការរៀបចំផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ ២០២៥-២០៣០ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ សាន់នី ខេត្តកំពត  លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាអនុប្រធានអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តបោះជំហានក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយ៉ាងល្អប្រសើរ។ ហើយការរក្សាកំណើនសេដ្ឋកិច្ចបាននិងកំពុងផ្តល់ផលទ្ធភាពយ៉ាងប្រសើរដល់ការវិភាជន៍ធនធានបន្ថែមទៀត ចំពោះវិស័យសុខាភិបាល អប់រំ សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដើម្បីជំរុញការអភិវឌ្ឍន៍មូលធនមនុស្ស រួមទាំងការអភិវឌ្ឍន៍កុមារ សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០ ដែលក្នុងនោះបានផ្តោតសំខាន់លើការអភិវឌ្ឍសុខុមាលភាពកុមារផងដែរ។ លោកជំទាវបានបន្ថែមថា ការលើកកម្ពស់ និងការការពារកុមារគឺជាការងារអាទិភាពដែលត្រូវបានដាក់បញ្ចូលទៅក្នុងការអនុវត្តកម្មវិធីគោលនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រជាតិមួយចំនួនដែលពាក់ព័ន្ធកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ។

លើសពីនេះទៀត រាជរដ្ឋាភិបាលបានយក ចិត្តទុកដាក់ក្នុងពង្រីកការផ្តល់សេវាជំនួយសង្គមតាមរយៈកញ្ចប់គ្រួសារ សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងគម្រោងអាទិភាពផ្សេងៗជាច្រើនទៀត ដែលជួយទៅដល់ជនរងគ្រោះ និង ងាយរងគ្រោះ។ យ៉ាងណាក៏ដោយ ការការពារកុមារ មិនអាចស្ថាប័នណាមួយដោះស្រាយតែឯកឯងបានទេ គឺត្រូវមានការចូលរួមពីគ្រប់វិស័យ គ្រប់ភាគីដែលពាក់ព័ន្ធ និងមានលក្ខណៈជាប្រព័ន្ធ ហើយក៏ត្រូវមានការចូលរួមពីសហគមន៍អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មាតាបិតា អាណាព្យាបាល និងកុមារខ្លួនឯង ព្រមទាំងមានការគាំទ្រពីដៃគូអភិវឌ្ឍន៍ទាំងបច្ចេកទេស និងថវិកា ព្រមទាំងការបង្កលក្ខណៈគ្រប់បែបយ៉ាង ទើបអាចសម្រេចបានជោគជ័យ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិគ្រោះយោបល់ចុងក្រោយរបស់ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យ និងឯកភាពទៅលើខ្លឹមសានៃសេចក្តីព្រាងផែនការសកម្មភាពជាតិ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ២០២៥-២០៣០ ដោយកំណត់នូវនីតិវិធីដើម្បីឱ្យមានការគាំទ្រពីសមាជិក ក.ជ.ក នៃក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការបញ្ចូលសកម្មភាពនៃផែនការនេះទៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង ស្ថាប័នសាមីពាក់ព័ន្ធ ព្រមទាំងបានរៀបចំនូវវិធីសាស្ត្រដើម្បីជំរុញ ការអនុវត្តឱ្យមានប្រសិទ្ធភាព បន្ទាប់ពីឯកសារនេះត្រូវបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments