ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តមអភិបាលខេត្តកំពត ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីនបានរៀបចំផែនការសម្អាតអនាម័យបរិស្ថាន និងប្រមូលសំរាមទៅចោលបានទាន់ពេលវេលា ធ្វើឲ្យក្រុងកំពតស្អាតគ្មានសំរាមរាយប៉ាយ នៅក្នុងឱកាសបុណ្យសមុទ្រ រយៈពេល៣ថ្ងៃកន្លងមកនេះ ខណៈដែលសំរាមរាប់រយតោនត្រូវបានមូលចោល។ និស្សិតសុខាភិបាលភូមិភាគខេត្តកំពត បានកោតសរសើរ និងត្រេកអរដែលឃើញក្រុងកំពតស្អាតជានិច្ច។
ប្រធានក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន លោក សួន សុភ័ក្ត បានប្រាប់ឲ្យដឹងដែរថា ពិធីបុណ្យសមុទ្ររយៈ៣ថ្ងៃកន្លងមកនេះ បុគ្គលិក និងកម្មកររបស់ក្រុមហ៊ុន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការសម្អាតអនាម័យបរិស្ថាននៅតាមទីធ្លាសួនច្បារមាត់ព្រែក រង្វង់មូលទុរេន និងតាមដងផ្លូវសំខាន់ៗនៅក្នុងក្រុង ធ្វើឲ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ជុំទី៣នៅខេត្តកំពត ប្រព្រឹត្តទៅដោយជោគជ័យ និងគ្មានសំរាមកកស្ទះ ឬរាយប៉ាយឡើយ។ចំណែកនិស្សិតពេទ្យ ដែលមកចូលរួមសម្អាតអនាម័យបរិស្ថានជាមួយអាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ សិស្សានុសិស្សប្រមាណជាង៣០០នាក់ នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានឲ្យដឹងដែរថា រូបគេសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំបុណ្យសមុទ្រលើកទី១១នេះ ក្រុងកំពតរក្សាអនាម័យបរិស្ថានស្អាត គ្មានសំរាម ទាំងក្នុងទឹក និងលើគោក ។ និស្សិតរូបនោះបានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញពាក់ព័ន្ទ ពិសេសក្រុមហ៊ុនប្រមូលសំរាមដែលបានខិតខំសម្អាតទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើឲ្យក្រុងកំពតស្អាតជានិច្ច។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនប្រមូលសំរាមកំពតហ្គ្រីនស្នើសុំឲ្យមានការចូលរួមសហការ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ពីអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមប្រើប្រាស់សេវាប្រមូលសំរាម ដើម្បីធានាថាក្រុងកំពតស្អាតគ្មានសំរាមរាយប៉ាយនៅគ្រប់ច្រកល្ហក៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments